(បរទេស)៖ ក្រុមហ៊ុនរោងកុនធំមួយរបស់អាមេរិក គឺ AMC Entertainment Holdings Inc បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនរំពឹងបើកដំណើរការរោងភាពយន្តអន្តរជាតិឡើងវិញ នៅបណ្តាប្រទេសមួយចំនួន នៅប៉ែកអឺរ៉ុប និងមជ្ឈិមបូព៌ា ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ខណៈរោងភាពយន្តជាច្រើនទៀត ដែលមានទីតាំងនៅអាមេរិក នឹងបើកដំណើរការឡើងវិញ នៅចុងខែសីហានេះតែម្តង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

លោក Adam Aron អគ្គនាយករោងកុន AMC បាននិយាយថា «យើងបានសម្រេចរួចរាល់ហើយថា នឹងបើកដំណើរការឡើងវិញនូវរោងភាពយន្តរបស់យើង ប្រមាណជាង ១៣០កន្លែង នៅតាមបណ្តាប្រទេសនានា ដែលមានទីតាំងនៅប៉ែកអឺរ៉ុប និងមជ្ឈិមបូព៌ា ពោលគឺច្រើនជាង ១/៣ នៃរោងភាពយន្តអន្តរជាតិរបស់យើង»

ជាការកត់សម្គាល់ រោងភាពយន្តជាច្រើននៅលើពិភពលោក បានបង្ខំចិត្តបិទដំណើរការរបស់ខ្លួនតាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ខណៈប្រទេសភាគច្រើនបានដាក់វិធានការរាំងខ្ទប់ប្រទេស ក្រោយវិបត្តិកូវីដ១៩។

គួរជម្រាបថា ការប្រកាសពីគម្រោងដំណើរការរោងភាពយន្តរបស់ខ្លួនឡើងវិញ ពីសំណាក់រោងភាពយន្ត AMC នៅពេលនេះ គឺបន្ទាប់ពី Walt Disney Co ទើបតែប្រកាសពីការចាក់បញ្ចាំងរឿងខ្នាតធំរបស់ខ្លួន «Mulan» ថានឹងបញ្ចាំងពីក្រុមហ៊ុនធំផ្ទាល់តែម្តង ព្រោះតែភាពមិនប្រាកដប្រជាពីការបរិច្ឆេទ នៃការបើកដំណើរការរោងកុននៅតាមបណ្តាប្រទេសនានា លើពិភពលោក៕