(បរទេស)៖ ហេតុការណ៍ធ្លាក់យន្តហោះដែលបានបណ្តាលឲ្យមនុស្សច្រើនបំផុតបាត់បង់ជីវិតនៅក្នុងប្រវត្តិសាស្រ្ត គឺការធ្លាក់យន្តហោះធុន Boeing 747 មួយគ្រឿងនៅភ្នំ Takamagahara ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៨៥។

យ៉ាងណាក្តី មានមនុស្ស៤នាក់ដែលបានរួចរស់ជីវិត ខណៈ៥២០នាក់ផ្សេងទៀតបានស្លាប់។ យន្តហោះខាងលើមានជើងហោះហើរ លេខ១២៣ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានជួបគ្រោះថ្នាក់នៅពេលកំពុងធ្វើដំណើរពីអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Osaka ក្នុងប្រទេសជប៉ុន។

យន្តហោះខាងលើ ដែលមានផ្ទុកមនុស្សសរុប៥២៤នាក់ ក្នុងនោះមានក្រុមការងារលើយន្តហោះ១៥នាក់ និងអ្នកដំណើរ៥០៩នាក់ បានធ្លាក់ក្រោយហោះហើរបានជាង៣០នាទីចេញពីតូក្យូ បន្ទាប់ពីមានការផ្ទុះនៅផ្នែកក្រោយរបស់យន្តហោះ ដែលបណ្តាលឲ្យកន្ទុយផ្លិតចង្កូតរបស់វាដាច់ចេញទៅបាត់ ហើយវាក៏បានប៉ះពាល់ដល់ប្រព័ន្ធបំពង់ Hydraulic Pipe ដែលមានសារៈសំខាន់បំផុត សម្រាប់គ្រប់គ្រងការហោះហើររបស់យន្តហោះទាំងមូលផងដែរ។

លទ្ធផលនៃការស៉ើបអង្កេតបានបង្ហាញថា បញ្ហាខាងលើគឺបណ្តាលមកពីការងារជួសជុលខុសបច្ចេកទេស ដែលត្រូវបានមើលរំលងកាលពីឆ្នាំ១៩៧៨ ពាក់ព័ន្ធនឹងសន្ទះដ៏សំខាន់មួយនៅកន្ទុយយន្តហោះ។ ទោះជាការផ្ទុះបានធ្វើឲ្យដាច់ផ្លិតចង្កូត និងប្រព័ន្ធគ្រប់គ្រងការហោះហើរក៏ដោយ ក្រុមអាកាសយានិកដ៏អង់អាច អាចរក្សាយន្តហោះរបស់ពួកគេឲ្យនៅលើផ្ទៃអាកាសបានមួយសន្ទុះធំ មុនពេលវាធ្លាក់ទៅបុកភ្នំដោយជៀសមិនផុត។

គួរជម្រាបថា តាមពិតទៅអាចមានមនុស្សមួយចំនួនទៀត ដែលនៅរស់ក្រោយយន្តហោះបានធ្លាក់ភ្លាមៗ ប៉ុន្តែដោយសារក្រុមជួយសង្រ្គោះជប៉ុន ប្រើពេលវេលាយូរម៉ោងខ្លាំងពេក ទម្រាំអាចទៅដល់កន្លែងកើតហេតុដែលនៅលើភ្នំ ហើយសំណើផ្តល់ការជួយសង្រ្គោះពីសំណាក់យោធាអាមេរិក ត្រូវបានរដ្ឋាភិបាលជប៉ុនបដិសេធ។

ខណៈនេះគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ហេតុការណ៍គ្រោះថ្នាក់ដែលបណ្តាលឲ្យមនុស្សនៅលើយន្តហោះបាត់បង់ជីវិតច្រើនបំផុតវិញនោះ គឺឧបទ្ទវហេតុយន្តហោះពីរគ្រឿងបុកគ្នានៅក្នុងព្រលានយន្តហោះ លើកោះ Tenerife របស់អេស៉្បាញ កាលពីឆ្នាំ១៩៧៧ ដែលបានផ្តាច់ជីវិតមនុស្សសរុប៥៨៣នាក់៕