(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ ទឹកបរិសុទ្ធ និងទឹកលាងដៃ ស្មើនឹងថវិកាសរុប ២០,០០០ដុល្លារ ដល់អង្គការសប្បុរសធម៌ Happy Tree នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ការផ្ដល់ជូន របស់ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell ដោយមានគោលដៅអាជីវកម្ម ផ្ដោតសំខាន់លើសុវត្ថិភាព និងទំនួលខុសត្រូវសង្គម ព្រោះសម្លឹងឃើញថា អង្គការសប្បុរសធម៌ Happy Tree តែងតែផ្ដល់នូវសេវាសុខាភិបាល អប់រំ និងសង្គមដល់ជនងាយរងគ្រោះ នៅក្នុងពិភពលោក។

លើសពីនេះទៀត អង្គការមានស្មារតីទំនួលខុសត្រូវខ្ពស់ ប្រកបដោយក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះក្មេងកំព្រា។

គួរបញ្ជាក់ថា Shell គឺជាក្រុមហ៊ុនថាមពលអន្តរជាតិឯកទេសខាងប្រេងម៉ាស៊ីន, ប្រេងរំអិល និងឧស្ម័នធម្មជាតិ។ មានការិយាល័យកណ្ដាល ក្នុងប្រទេសហូឡង់ Shell បានបង្ហាញខ្លួនរួចមកហើយ ក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន Blue Ocean Group ដែលជាក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ នៃប្រេងមាស៊ីនសម្រាប់ឡាន, ម៉ូតូ, ឡានដឹកទំនិញ និងគ្រឿងចក្រធន់ធ្ងន់។

ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានបង្កើតឡើងតាំងពីឆ្នាំ១៩០៧ និងកំពុងមានវត្តមាន នៅ៧០ប្រទេសទូទាំងពិភពលោក ហើយបង្កើនការអភិវឌ្ឍរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដែលឈានមុនគេផ្នែកឧស្សាហកម្មប្រេង ឧស្ម័ន និងប្រេងរំអិល។

ជាមួយគ្នាដែរ ក្រុមហ៊ុន Shell និង Blue Ocean Group កំពុងអនុវត្តយ៉ាងជាក់ស្តែង នូវតម្លៃទំនួលខុសត្រូវសង្គម និងផ្ដោតសំខាន់លើពលរដ្ឋ សម្រាប់ការត្រឡប់ចូលមកកាន់ទីផ្សារកម្ពុជា នាពេលថ្មីៗនេះ៕