(ភ្នំពេញ)៖ បទរបស់តារាចម្រៀង ខេម និង តន់ច័ន្ទ សីម៉ា មានចំណងជើងថា «ចង់ សុំ Wifi» ត្រូវបានគេដឹងថា កំពុងឈរនៅលំដាប់លេខរៀងកំពូលនៅលើប្រព័ន្ធ TikTok បន្ទាប់ពីបទនេះចេញផ្សាយនៅលើយូធូបកាលពី៣សប្ដាហ៍ មុនដែលអាចនិយាយបានថា ជាបទបំបែកកំណត់ត្រាថ្មីមួយដំបូងគេ ក្នុងបណ្ដាញសង្គម Tik tok នៅក្នុងប្រទេសកម្ពុជា។

លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបង្ហើប Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា តាមព័ត៌មានដែលលោកទទួលបានពីក្រុមការងារបច្ចេកទេសស្រាវជ្រាវគិតត្រឹមព្រឹកថ្ងៃទី០៧ ខែសីហានេះ បទចម្រៀងរបស់តារាប្រុសស្រីទាំងពីរបាន និងកំពុងឈរនៅលំដាប់លេខ១ ក្នុងនាមជាបទចម្រៀងជាតិដែលមានអ្នក ពេញចិត្តហើយយកទៅធ្វើវីដេអូកម្សាន្តសប្បាយបន្តបង្ហោះនៅលើកម្មវិធី Tik Tok ច្រើនជាងគេបង្អស់។

លោក យឹម តាស្រង់ ប្រាប់បន្តថា ថ្មី ៗនេះលោកបានឲ្យក្រុមការងារធ្វើការស្រាវជ្រាវមើលនៅលើកម្មវិធី TikTok ដើម្បីចង់ដឹងពីលទ្ធផលបទចម្រៀងណាមួយ។ ទាំងនេះជាបទចម្រៀងដែលត្រូវបានអ្នកប្រើប្រាស់យកកាត់តធ្វើវីដេអូ បង្ហោះលេងកម្សាន្តបន្តច្រើន។ ជាលទ្ធផលបទ «ចង់ សុំ Wifi» របស់ផលិតកម្ម Galaxy Navatra ច្រៀងដោយតារា ចម្រៀងខេម និង តន់ ច័ន្ទ សីម៉ាស្ថិតនៅលើគេស្ទើរមិនគួរឲ្យជឿ។

លោកបានបញ្ជាក់ទៀតថា មិនត្រឹមតែបទ «ចង់ សុំ Wifi» របស់តារាចម្រៀង ខេម និង តន់ ច័ន្ទ សីម៉ា ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងឈរនៅលំដាប់ឈានមុខគេនោះទេ នៅមានបទចម្រៀងជាច្រើនទៀត របស់ផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការពេញចិត្តកាត់តលេងកំសាន្ត នៅក្នុងបណ្ដាញសង្គមដ៏ពេញនិយមរបស់ចិនមួយនេះផងដែរ៕

@navatra444444

យ៉ាប់ហើយសីម៉ាចិត្តមិនទូលាយសោះ អ្នកណាហ្វេនសីម៉ាចេញមុខម៉ោ (ចង់សុំWi-Fi)

♬ original sound - khemofficialcambodia