(ភ្នំពេញ)៖ ជយលាភីស្លាកសញ្ញា (Logo) និងរូបសត្វតំណាង(Mascot) សម្រាប់ប្រើផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសផ្លូវការហើយក្នុងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី០៧ ខែសីហានេះ ហើយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាត់ទុក Logo និង Mascot នេះ គឺជាទ្រព្យសម្បត្តិមរតកស៊ីហ្គេម ដែលមិនអនុញ្ញាតឲ្យបុគ្គលណាប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពី CAMSOC ឡើយ។

ចំពោះម្ចាស់ជយលាភី Logo និង Mascot ខាងលើរួមមានលោក នាង វិសាល ជាបេក្ខជនជយលាភី Logo និងកញ្ញា លី គឹមអាន ជាបេក្ខនារីជយលាភី Mascot ហើយអ្នកទាំងពីរ បានទទួលរង្វាន់លើកទឹកចិត្តដ៏ច្រើន ទី១-ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារស្មើគ្នា, ទី២-ទទួលបានសិទ្ធិក្លាយជាអគ្គរដ្ឋទូតសុឆន្ទៈ (Good Will Games Ambassador) ស៊ីហ្គេម ឆ្នាំ២០២៣, ទី៣- ទទួលបានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទនៅស៊ីហ្គេម ឆ្នាំ២០២៣ និងទី៤-ត្រូវបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានថ្លែងថា កន្លងមកថ្នាក់ដឹកនាំ CAMSOC បានខិតខំជាខ្លាំង ដើម្បីអនុវត្តផែនការមេ ផែនទីបង្ហាញផ្លូវការ ដោយរួមផ្សំបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីបង្កើនថាមពល ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក្នុងនោះ Logo និង Mascot ក៏ត្រូវបានថ្នាក់ដឹកនាំធ្វើការប្រជុំវាយតម្លៃជាច្រើនលើកផងដែរ មុនធ្វើការសម្រេច។

លោកបញ្ជាក់ថា «Logo, Mascot និងបាវនា(Motto) របស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានឆ្លងកាត់កិច្ចប្រជុំវាយតម្លៃជាច្រើនលើក រហូតដល់ថ្ងៃទី០២ ខែកក្កដា ទើបសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចជ្រើសរើសស្នាដៃចុងក្រោយរបស់បេក្ខជនម្នាក់ និងបេក្ខនារីម្នាក់ ព្រមទាំងសម្រេចជ្រើសរើសបាវនា “កីឡារត់ក្នុងសន្ដិភាព - SPORT LIVE IN PEACE” ដើម្បីគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើការពិនិត្យ និងសម្រេចចុងក្រោយ ហើយសម្ដេចតេជោ បានសម្រេចផ្លូវការ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ»

ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល CAMSOC បានធ្វើដំណើរយ៉ាងស្វាហាប់ និងសម្រេចបានសមិទ្ធផលការងារធំៗជាច្រើន ជាក់ស្ដែងការជ្រើសរើសទ្រព្យសម្បត្តិមរតកស៊ីហ្គេម “SEA Games Property” គឺ Logo, Mascot និងបាវចនា ដើម្បីចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម បង្កើនគុនតម្លៃស៊ីហ្គេម និងដាក់វត្ថុតំណាងទាំងបីនេះ ប្រើជាប្រយោជន៍នៃការធ្វើទីផ្សារកីឡា និងស្វែងរកការឧបត្ថម្ភគាំទ្រ ជួយដល់ដំណើរការស៊ីហ្គេមទាំងមូល»

សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «Logo និង Mascot ដែលជាមរតករបស់ស៊ីហ្គេមនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដែលមិនអាចមានជនណា បុគ្គលណា ក្រុមណា ឬក្រុមហ៊ុនឯនជនណា យកប្រើដោយគ្មានការអនុញ្ញាតពី CAMSOC បានឡើយ ព្រោះ CAMSOC បានស្នើសុំក្រសួងពាណិជ្ជកម្មចុះបញ្ជីកម្មសិទ្ធិបញ្ញារួចហើយ»។ ហេតុនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវឲ្យចូលរួមថែរក្សា និងការពារកម្មសិទ្ធិបញ្ញា នៃ Logo និង Mascot ដែលជាមរកតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យខានតែបាន។

ប្រធាន CAMSOC ដដែលបានបន្ថែមថា «ឥឡូវនេះយើងនៅសល់ពេល ១០០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ រយៈពេល ១០០០ថ្ងៃ ជាពេលវេលាដ៏សំខាន់ក្នុងយុទ្ធនាការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុង ការយោគយល់គ្នា និងភាពចុះសម្រុងប្រទាក់ក្រឡារវាងគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ដោយជម្នះរាល់ឧបសគ្គរាំងស្ទះ ដល់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»

គួរបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ពិសេសខាងលើ CAMSOC ក៏បានកម្មវិធីប្រគំតន្ដ្រី និងការសម្ដែងរបស់ក្រុមកីឡារាំអន្ដរជាតិ ក្រុមកីឡាគុនល្បុក្កតោ សន្ធឹកស្គរជ័យ និងការបាញ់កាំជ្រួច រួមទាំងវត្តមានមន្ដ្រីសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីចូលរួមប្រមាណជាង ១០០នាក់ផងដែរ៕