(ភ្នំពេញ)៖ សុគន្ធ និសា (Sokun Nisa) គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយរឿងដែលនឹកស្មានមិនដល់គឺស្នាមស្នេហ៍រវាងនាង និងលោក សុខ ជំនោរ ត្រូវប្រេះឆា។ តែអ្វីដែលសំខាន់ពេលនេះអ្នកទាំងពីរបានរៀនការ មានគ្រួសារ និងមានសុភមង្គលរៀងៗខ្លូនហើយ។ អ្វីដែលពេលនេះ Fresh News Puls សូមលើកយកនោះគឺប្រវត្តិខ្លះៗដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ស្នាដៃសិល្បៈ ទ្រព្យសម្បត្តិ របស់ សុគន្ធ និសា ក្រោយការរួមរស់ជាមួយស្វាមី។ ទាំងអស់នេះជាអ្វីដែលអ្នកគាំទ្រចង់ដឹងបន្តទៀត។

* អំពីប្រវត្តិសង្ខេប ជីវិតគ្រួសារ និងការសិក្សា

អ្នកស្រី សុគន្ធ និសា មានឈ្មោះកំណើត ប៉ុន សុគន្ធា កើតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៣ នៅស្រុក ឆ្លូង ខេត្តក្រចេះ ( ផ្ទះនៅមុខផ្សារ ឆ្លូង)។ ឪពុកឈ្មោះ ប៊ូ សុផារ៉ាត់ អតីតមន្រ្តីតុលាការខេត្តក្រចេះ (ស្លាប់) ម្តាយឈ្មោះ ជិន គីមលីន (មេផ្ទះ) មានបងប្អូន៣នាក់ (ប្រុស២នាក់ស្រីម្នាក់) ជាកូនទី២ក្នុងគ្រួសារ។ ពេលអាយុ១២ឆ្នាំក្នុងឆ្នាំ១៩៩៥ កុមារី ប៉ុន សុគន្ធា (សុគន្ធ និសា) ដែលកំពុងសិក្សាបានប្តូរទីលំនៅមកនៅភ្នំពេញ(ព្រែកលាភ) និងបន្តការសិក្សានៅបឋមសិក្សាឫស្សីកែវ។

ប៉ុន្មានឆ្នាំក្រោយមក សុគន្ធ និសា ក៏សំរេចចិត្តត្រឡប់មកស្រុកំណើតនៅខេត្តក្រចេះវិញ ការត្រលប់មកវីញ សុគន្ធ និសា ប្តូរការសិក្សាមកវិទ្យាល័យខេត្តក្រចេះរហូតចប់ថ្នាក់ទី១២។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ

សុគន្ធ និសា មានចំណូលចិត្តច្រៀងតាំងពីកុមារភាពដែលមានទេពកោសល្យពីកំណើត។ ឆ្នាំ១៩៩៩ ទូរទស្សន៏បាយ័នបានរៀបចំកម្មវិធីប្រឡងចំរៀង សុគន្ធ និសា ចូលប្រលងនៅឯទីក្រុងភ្នំពេញ លទ្ធផលចុងក្រោយ សុគន្ធ និសា បានជាប់១០នាក់ចុងក្រោយ។ ចុងឆ្នាំ១៩៩៩ ដដែលនៅខេត្តក្រចេះ បានរៀបចំកម្មវិធីប្រលងចំរៀងឆ្លងសហស្សវត្ស សុគន្ធ និសា បានចូលរួមប្រលងលទ្ធផលចុងក្រោយទទួលបានចំណាត់ថ្នាក់លេខ១។

ក្រោយពីប្រលងជាប់ សុគន្ធ និសា បានក្លាយជាអ្នកចម្រៀងប្រចាំក្រុមតន្ត្រីមន្ទីរវប្បធម៌ខេត្តក្រចេះ។ ក្រោយពីបានក្លាយអ្នកចម្រៀង ប្រចាំក្រុមតន្ត្រីមន្ទីរវប្បធម៌ខេត្តក្រចេះបានជិតមួយឆ្នាំ សុគន្ធ និសា បានវិលមករស់នៅភ្នំពេញវិញ ហើយបានចូលច្រៀងក្នុងភោជនីយដ្ឋានតន្ត្រីហង្សនាគ ឯព្រែកលាភរាល់រាត្រី។

ដំណើរសាត់អណ្តាតវិលចុះឡើង(សូមមិនលើកយកមកនិយាយពេលនេះទេ) ដោយមាននិស័្សយនិងមានចំណូលចិត្តចម្រៀងតាំងពីកុមារភាព សុគន្ធ និសា នាឆ្នាំ២០០២ បានឱកាសបោះជំហានចូលវិថីសិល្បៈផ្នែកចម្រៀងក្នុងផលិតកម្ម ស្ទឹងសង្កែ។ ក្នុងផលិតកម្ម ស្ទឹងសង្កែពេលនោះ សុគន្ធ និសា បានបញ្ចេញបទចំរៀងដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងធ្វើឲ្យមានការស្គាល់ សុគន្ធ និសា ក្នុងវិស័្សយសិល្បៈចម្រៀងដូចជាបទ «គ្មានថ្ងៃបញ្ចប់» «ពាក្យស្រឡាញ់និងពាក្យស្អប់» «សំអាតដួងចិត្ត» «សងវិញគ្រប់យ៉ាង»។ល។ បទទាំងអស់នេះជាការនិពន្ធទំនុកច្រៀងដោយលោក សុខ ជំនោរ ដែលអ្នកគាំទ្រតារាចម្រៀង សុគន្ធ និសា ដែលដឹងថាជាអតីតគូស្នេហ៍នឹងគ្នា។

ការរកទទួលទានមិនទៀងទាត់ក្នុងឆ្នាំ២០០៣ ផលិតកម្ម «ស្ទឹងសង្កែ» បានប្រកាសបិទទ្វារ ពេលនោះ សុគន្ធ និសា បានប្តូរមកផលិតកម្មស៉្បាក តាមការអញ្ជើញពីអ្នកដឹកនាំផលិតកម្ម។ មកដល់ទ្រនំថ្មីនៃផលិតកម្មស៉្បាក តារាចម្រឿង សុគន្ធ និសា បានបន្ថែមសន្ទុះនៃការគាំទ្របន្ថែមដោយមានបទថ្មីៗជាច្រើន ដូចជាបទ «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» «បេះដូងខ្វះកំដៅ» «ខាតចិត្តបង់ទឹកភ្នែក» ហើយ MV បទ «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» ជាបទបានសម្តែងរួមជាមួយ កញ្ញា វ៉ាន់ នីឡា នាពេលនោះ ដែលគេគ្រប់គ្នាដឹងថាជាប្អូនស្រីរបស់លោក សុខ ជំនោរ និងជាបទនិពន្ធផ្ទាល់របស់លោក។

ដំណើរជីវិតមានការផ្លាស់ប្តូរមិនទៀង ក្នុងឆ្នាំ២០០៦ សុគន្ធ និសា បានឈានជើងចូលផលិតកម្មហង្សមាស ដែលតារាចម្រៀងគ្រប់រូបតែងតែប្រាថ្នាចង់ចូល លើទ្រនំដ៏ប្រកួតប្រជែងនេះ សុគន្ធ និសា ក៏បានបញ្ចេញបទ ចម្រៀងថ្មីជាច្រើន តាមរយៈទឹកដៃនិពន្ធលោក សុខ ជំនោរ ដូចជាបទ «ស្រក់ទឹកភ្នែកពេលកំពុងញញឹម» «ស្នាមញញឹមក្បត់ទឹកភ្នែក» «ពាក្យម៉ែក្នុងចិត្តកូន»។ល។ ជាដើម។ ក្នុងផលិតកម្ម ហង្សមាស សុគន្ធ និស បានចាប់ដៃគូច្រៀងភាគច្រើនជាមួយ លោក ណុប បញ្ញារិទ្ធ និងលោក ឆន សុវណ្ណារាជ។

ពេលវេលារំកិលទៅមុខមនុស្សគ្រប់រូបមានការផ្លាស់ប្តូរទាំងការងារ និងមនោសញ្ចេតនា។ ក្នុងឆ្នាំ២០១២ អ្នកគាំទ្រតារាចម្រៀង សុគន្ធ និសា និងស្នាដៃនិពន្ធរបស់លោក សុខ ជំនោរ បានឃើញថាមនោសញ្ចេតនារបស់អ្នកទាំងពីរហាក់បីមិនអាចបន្តដំណើរទៅមុខបាន។ ពេលនោះកញ្ញា សុគន្ធ និសា បានចាកចេញពីផលិតកម្មហង្សមាសចោលលោក សុខ ជំនោរ មកជ្រកក្រោមដំបូលផលិតកម្ម «ថោន» វិញ។ ចូលដល់ផលិតកម្ម ថ្មីភ្លាម សុគន្ធ និសា បានបង្ហើរបទថ្មីភ្លាមដូចជាបទ «ពេលនេះម៉ោងនេះខ្ញុំកំពុងខូចចិត្តជាទម្ងន់» «ភ្លេចអូនទៅបង» «ស្រឡាញ់បងជាកម្មរបស់អូន» ជាដើមសុទ្ធជាបទទទួលបានការគាំទ្រខ្លាំងនាពេលនោះ។

ធ្មេចបើកៗក្នុងឆ្នាំ២០១៦ កញ្ញា សុគន្ធ និសា បានវិលមកផលិតកម្មចាស់វិញក្រោយពីលោក សុខ​ ជំនោរ បានចាកចេញពីផលិតកម្ម​ហង្សមាស។ ក្នុងការវិលត្រល់បមកវិញចំពេលដែលផលិកម្ម ហង្សមាស បានរំលឹកមកវិញនៅបទមរតក ជំនាន់ដើមមកច្រៀងឡើងវិញ ក្នុងនោះ សុគន្ធ និសា បានបង្ហើរសំនៀងជាមួយបទភ្លេងមរតក​ដើមដូចជាបទ​​ «ម្ទេសណាមិនហឺរ» «បើជាគូ» «ស្ទឹងខៀវ» ជាដើម។ ហើយចំណែកបទថ្មីដែលត្រូវបានអង្រួនផលិកម្មហង្សមាស ជាថ្មីនោះគឺបទ «មាតាដៃ១០០»។ ចុងឆ្នាំ២០១៩ បទចម្រៀងមួយបទដែលមានចំណងជើងថា​ «កូននឹងចងចាំ» ត្រូវបាន សុគន្ធ និសា ច្រៀងនិងសម្តែងក្នុងឱកាសថ្វាយព្រះភ្លើងចំពោះព្រះសព សម្តេចបុត្រីព្រះរាម នរោត្តម បុបា្ផ​ទេវី។ បទនេះត្រូវបានគាំទ្រសរសើរជាមួយទឹកដមសំលេងទាំងអារម្មណ៍ក្តុកក្តួលគ្រប់ៗគ្នា ។

បទពិសោធន៍នៃចម្រៀងរបស់ សុគន្ធ និសា មិនអាចអត់បានក្នុងកម្មវិធីអន្តរជាតិនានាក្នុងប្រទេស​កម្ពុជា នាងត្រូវបានជ្រើសរើសជា​គណៈកម្មការកម្មវិធីពេញលេញជា Coach នៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ផងដែរ។

ទឹកដមសម្លេង អ្នកនាង សុគន្ធ និសា មិនត្រឹមតែមហាជនទេសូម្បីតែសម្តេច ហ៊ុន​ សែន ក៏ពេញចិត្តនិងបានពោលពាក្យសរសើររូបនាងតាមរយៈការ Live ផ្ទាល់ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរក្នុងនោះដែរ។ ពេលនោះអ្នកនាង សុគន្ធ និសា បានបកស្រាយបទចម្រៀងដូចជាបទ «ទុក្ខស្រីប្តីព្រាត់» «ស្ពានសាងស្នេហ៍» «ចម្ការសំរោង» និងបទ «មាតាដៃមួយរយ»។

សុគន្ធ និសា មិនមែនមានទេពកោស្យលើវិស័្សយចម្រៀងមួយមុខនោះទេ​ នៅលើវិថីនៃសិល្បៈទី៧(សិល្បៈភាពយន្ត) សុគន្ធ និសា បានបង្ហាញខ្លួនជាដំបូងជាតួឯកស្រីក្នុងរឿង «សិសិររដូវក្នុងបេះដូង» នាឆ្នាំ២០១៧ និងក្នុងឆ្នាំ២០១៩ រឿង«រាជិនីភូមិគ្រឹះ»ទទួលបានការសរសើគ្រប់ៗគ្នាពីអ្នកគាំទ្រ។

* អំពីជីវិតស្នេហា

យើងបានដឹងគ្រប់គ្នា​ថ្ងៃទី​​១ ខែធ្នូ ឆ្នាំ២០១៧ សុគន្ធ និសា និងស្វាមីឈ្មោះ ចៅ សម្បត្តិ បានចូលរោងមង្គលការយ៉ាង​អធឹកអធមក្នុង​សណ្ឋាគារសូហ្វីតែល​ ​ក្រោយរយៈពេលតែ​​​​​៥ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីលោក សុខ ជំនោរ បាន​រៀប​ការ​​នៅថ្ងៃទី​​២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យើងនៅចាំបានថាពេលមង្គលការនេះមិនអនុញ្ញាត្តឲ្យមានអ្នកសារព័ត៌មាន ចូលរួមផ្តិតរូបភាពនិងយកព័ត៌មានឡើយ។ តែក្រោមពិធីជប់លៀងមង្គលការ សុគន្ធ និសា បានអះអាងថា​ ​នាងនិង​លោក ​ចៅ សម្បត្តិ ជាស្វាមី​​​​បានស្គាល់​​គ្នា​ប្រមាណជា​​៦ឆ្នាំមកហើយទើប​នាងសម្រេចចិត្ត​រៀបការ​​​​​​​​នៅថ្ងៃទី​​១ ខែធ្នូ ឆ្នាំ២០១៧នេះ ​ហើយ​ពិធីមង្គលមួយនេះ​​​នឹងមិនធ្វើអោយប៉ះពាល់​​ដល់ប្រជាប្រិយភាព​​នៅក្នុងវិស័យ​ចម្រៀងរបស់អ្នកស្រីឡើយ។ អ្នកស្រី​ក៏​បាន​​បង្ហាញ​​​​ឆន្ទៈថា នឹង​បន្តអាជីព​ចម្រៀងក្រោយពេល​រៀបការ​ដោយមិនមានការលា​ឈប់នោះដែរ ​​ប្រសិន​បើទស្សនិកជន​នៅតែបន្តការគាំទ្រ​​​​​​ដដែល។

លោក ចៅ សម្បត្តិ ស្វាមី សុគន្ធ និសា ជានណា? (មុនពិធីមង្គលការ) លោក ចៅ សម្បត្តិ ហៅ សាំ​បា ជា​កូន​ខ្មែរ​កើត​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល​ លោក​មាន​ឪពុក​ឈ្មោះ ចៅ សុខា និង​ម្ដាយ​ឈ្មោះ នាង ស៊ី​ថា ​ជា​ជន​ជាតិ​ខ្មែរ។ ​ឱកាស​​ទៅ​​រស់​នៅ​សហរដ្ឋ​អាមេរិក​​ ក្រោយ​ចំណាយ​ពេល​​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​​កម្ពុជានា​គ្រា​នោះ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ហ៊ុនដែលលោកបំរើការបាន​ឲ្យ​ដឹង​ថា លោក ចៅ សម្បត្តិ​ ​បាន​​ចូល​បម្រើ​ការងារ​​ដំបូង​ក្នុង​ក្រុមហ៊ុន​នៅ​ឆ្នាំ​២០១៣ លើ​​តំណែង​ជា «Senior Director of Operations» ហើយ​លោក​ទើប​តែ​ឡើង​​កាន់​តំណែង​ជា «នាយក​ផ្នែក​ប្រតិបត្តិការ Chief Operations Officer» ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​​។

តាមប្រភពខាងលើបានបញ្ជាក់ថា លោកចំណាយ​ពេល​២៤​ឆ្នាំ​ រស់​នៅនិង​ក្រេប​ជញ្ជក់​យក​ចំណេះ​លើ​ទឹក​ដី​អាមេរិក។ នៅ​ឆ្នាំ​២០០១ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​​​លើ​ជំនាញ «វិទ្យា​សាស្ត្រ​នយោបាយ និង​ ទំនាក់​ទំនង​អន្តរជាតិ» នៅ​សាកលវិទ្យាល័យ Boston ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ដំបូងលោក​ ចៅ សម្បត្តិ​ គឺ​ជា​អតីត​បុគ្គលិកផ្នែក​ប្រតិបត្តិ​ការ​អាជីវកម្ម​ថ្មី នៅ​​ក្រុម​ហ៊ុន​​ហិរញ្ញវត្ថុ​ដ៏​ល្បី​១​នៅ​អាមេរិក​​ ដែល​មាន​ឈ្មោះ​ថា​ John Hancock។ ក្រោយ​បំពេញ​ការងារ​នៅ​ទី​នោះ​អស់​រយៈ​ពេល​៨ឆ្នាំ លោក​បាន​វិល​មក​កម្ពុជា​​វិញជា​មួយ​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ផ្សេងទៀត​ សរុប​ជាង​១១​ឆ្នាំ​​ទាំង​​អាមេរិក​ខាងជើងនិង​អាស៊ី​ ដើម្បី​ជំរុញ​បន្ថែម​លើ​វិស័យ​ហិរញ្ញវត្ថុ​ខ្មែរ​ឲ្យ​មាន​ស្ថិរភាព​និង​រីក​លូត​លាស់​ឡើង។

* អំពីជំនួញក្រៅពីសិល្បៈ

មកដល់ចំណុចនេះអ្នកគាំទ្រ សុគន្ធ និសា បានឃើញថាក្រៅពីជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះនៅកម្ពុជានិងមានស្វាមី ដែលមានតំណែងខ្ពស់ក្នុងក្រុមហ៊ុនល្បីផងនោះ ​តែ សុគន្ធ និសា នៅតែប្រកបរបរលក់អាហារសម្រន់តាម​អនឡាញ យ៉ាងសាមញ្ញដែលធ្វើអោយអ្នកគាំទ្រ​លាន់មាត់តាម​បណ្តាញសង្គមថា «សុគន្ធ និសា បានប្តីអ្នកមានហើយនៅលក់​ចំណីតាមអនឡាញទៀត»។ ចំណុចនេះយើងអាចយល់បានថា​​ នេះប្រហែលជាលោកស្រីមានជំនាញធ្វើម្ហូបឆ្ងាញ់ពិសេស ទឹកត្រីឆ្ងាញ់ ហើយចង់​ចែករំលែករសជាតិឆ្ងាញ់ដល់អ្នកគាំទ្រ (សូមបញ្ជាក់ថាអ្វីដែល ​សុគន្ធ និសា លក់តាមអនឡាញ​មានដូចជា បាញ់ស៊ុង បាញ់ហយ គុយទាវកាត់ គួង បាញ់ឆាវ ជាដើម) ដែលមានអ្នកគាំទ្រច្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងការកម្មង់ទិញ។

ក្រៅពីលក់ចំណីតាមអនឡាញខាងលើភាពល្បីល្បាញរបស់អ្នកស្រី សុគន្ធ និសា ក៏មិនអាចខ្វះបានពីម្ចាស់ផលិផលនានាក្នុងប្រទេសឡើយ។ សព្វថ្ងៃជាទូតសុឆន្ទៈឲ្យក្រុមហ៊ុន SAMSUNG ផ្នែកគ្រឿងអេឡេចត្រូនិចនិងគ្រឿងផ្ទះបាយ ក្រុមហ៊ុនផលិតផល​ Libresse ។ល។ជាដើម។

* អំពីរឿងល្បីក្នុងសារព័ត៌មាន

ក្នុងជីវិតដ៏ល្បីល្បាញរបស់ អ្នកស្រី​ សុគន្ធ ​និសា អ្វីដែលមហាជនចង់ដឹងខ្លាំង ហើយត្រូវបានសារព័ត៌មានចុះផ្សាយមិនដាច់កន្លងមកនោះគឺរឿង ស្នេហារវាងនាងនិងលោក សុខ ជំនោរ​ ដែលមានទំនាក់ទំនងនឹងគ្នាយូរឆ្នាំ និងការងាររួមទ្រនំ ជាមួយគ្នា តែទីបំផុតអ្នកទាំងពីរមិនអាចក្លាយជាប្តីប្រពន្ធនឹងគ្នា។

​និងរឿងមួយទៀតនោះគឺ​ព័ត៌មានស្តីពិធីមង្គលការ សុគន្ធ ​និសា និងស្វាមីបច្ចុប្បន្ន ដែលធ្វើឲ្យអ្នកគាំទ្រទទួលការចាប់អារម្មណ៍និងចង់ដឹងខ្លាំង តែបែរជាពិធីមង្គលការនោះមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលរួមយកព័ត៌មាន និងផ្តិតរូបភាពជូនអ្នកគាំទ្រ។ រឿងទាំងពីរខាងលើនាពេលនោះត្រូវបាន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិចុះផ្សាយព្រោងព្រាតលើទំព័រសារព័ត៌មានអេឡិចត្រូនិចនាពេលនោះ។

* អំពីទ្រព្យសម្បត្តិ

រឿងទ្រព្យសម្បត្តិជាចំណុចពិសេសដែលអ្នកទាំងឡាយចង់ដឹង។ តាមការស្វែងរកព័ត៌មាននេះយើងឃើញថា ​​ផ្ទះវីឡា​ក្នុងបុរីពិភពថ្មីប្ញស្សីកែវសព្វថ្ងៃស្នាក់ជាមួយស្វាមីដែលមានតំលៃជិត៤០ម៉ឺននាពេលនោះ។ មានរថយន្តផ្ទាល់ខ្លួនទាំងពីរ នាក់ភរិយានិងស្វាមី ​រថយន្ត សុគន្ធ ​និសា​ ប្រភេទ Range Rover​ ដែលមានតំលៃជាង១០ម៉ឺនដុល្លារ។​ មានដីចំការមួយកន្លែង ដែលអ្នកស្រីបានបង្ហាញតាមបណ្តាញសង្គមតែមិនបានដឹងពីទំហំប៉ុន្មានឡើយ។ យើងដឹងថាលោកស្រី សុគន្ធ និសា មិននិយមឡូយឆាយបង្ហាញទ្រព្យសម្បត្តិនោះទេ ​គឺទម្លាប់បង្ហាញភាពសាមញ្ញ ដូចនេះមិនអាចបញ្ជាក់ថាបាន លោកស្រី សុគន្ធ និសា គ្មានទ្រព្យសម្បត្តិច្រើនឬ អចលនទ្រព្យផ្សេងនោះឡើយ​។

* អំពីទម្លាប់​និងចំណង់ចំណូលចិត្ត

ជាទម្លាប់ សុគន្ធ និសា និយមលេងបណ្តាញសង្គម Instagram (IG) ជាងបណ្តាញសង្គម FB , IG សុគន្ធ និសា មានអ្នក Follower ចំនួនជាង 700K។ ទម្លាប់មួយទៀត សុគន្ធ និសា ក្រោយពីរវល់ការងារចម្រៀង live លក់អាហារនៅផ្ទះ។ ជារឿយៗឃើញអ្នកទាំងពីរចូលចង្រ្កាបាយចំណិនអាហាររួមគ្នាជាមួយស្វាមីយ៉ាងមានក្តីសុខ។ យូៗម្តងឃើញអ្នកទាំងពីរចេញដើរកំសាន្តតាមតំបន់ទេសចរណ៏នានាក្នុងស្រុក។ ច្រើនចូលរួមកម្មពិធីរួមជាមួយស្វាមី ក្នុងពិធីជប់លៀង​ និងការជួបជុំមិត្តភក្តិផ្សេងៗ សុគន្ធ និសា ទទួលទានគ្រឿងស្រវឹងមានកំរិតតិចបំផុត មិននិយមភេជ្ជៈជាតិផ្អែមខ្លាំង ទឹកសុទ្ធមួយថ្ងៃជាង២លីត្រ៕