(ក្រុងតូរីន)៖ ក្រុមបាល់ទាត់ជេីងឯកអ៉ីតាលី Juventus បាលហាលអាវពីព្រឹត្តិការណ៍ UEFA Champions League ជាផ្លូវការហេីយត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជេីងរបស់ Lyon ទោះ Cristiano Ronaldo រកបាន ២គ្រាប់ឈ្នះ ២-១ យប់មិញនេះក៏ដោយ។

២គ្រាប់របស់កីឡាករវ័យ ៣៥ឆ្នាំ Ronaldo កេីតឡេីងនៅនាទី៤៣ ដោយបាល់ប៉េណាល់ទី និងនាទី៦០ ដែលជាគ្រាប់វាយបក ក្រោយពេល Memphis Depay រកគ្រាប់នាំមុខឲ្យក្រុមបារាំង Lyon តាំងពីនាទីទី១២ ដោយបាល់ ១១ម៉ែត្រដែរ។

Juventus មិនអាចឡេីងទៅវគ្គ ៨ក្រុមចុងក្រោយបាន ដោយសារតែគ្រាប់ក្រៅដី ក្នុងលទ្ធផលស្មេីគ្នា ២-២ ទាំងពីរជេីង ពេលចាញ់ Lyon ១-០ កាលពីជេីងទី១ មុនត្រូវបានពន្យារពេលជេីងទី២ ដោយសារជំងឺ Covid-19។

សម្រាប់ Lyon វិញបានរួចផុតពីការហាលអាវ ដេីម្បីកក់កៅអីវគ្គ ១/៤ផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ទល់នឹងក្រុម Manchester City ដែលបានយកឈ្នះ Real Madrid របស់អេស្ប៉ាញ ២-១ នារាត្រីថ្ងៃសុក្រ ដូចគ្នា។

Juve មិនបានឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ចាប់តាំងពីឆ្នាំ ១៩៩៦ ហើយការរង់ចាំនៅតែបន្តដល់ឆ្នាំក្រោយទៀត៕