(ភ្នំពេញ)៖ ស្លាកសញ្ញា(Logo) និងរូបសត្វតំណាង(Mascot) ដែលជាទ្រព្យសម្បត្តិមរកតស៊ីហ្គេម(SEA Games Property) ត្រូវបានកម្ពុជាប្រកាសផ្លូវការហើយ ហើយ CAMSOC ក៏បានចុះបញ្ជីកម្មសិទ្ធិបញ្ញារួចដែរ។ ករណីមានបុគ្គល ឬក្រុមហ៊ុនណាយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាត នឹងត្រូវប្រឈរមុខជាមួយច្បាប់ ព្រោះនេះជាសម្បត្តិរបស់ជាតិ និងស៊ីហ្គេម។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

ការបញ្ជាក់បែបនេះ ក្រោយបញ្ចប់ពិធីប្រកាសពានរង្វាន់ជលាភី Logo និង Mascot របស់ SEA Games 2023 និង ASEAN Para Games 2023 និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ។

លោក វ៉ាត់ ចំរើន បន្ដថា «Logo និង Mascot គេហៅថា SEA Games Property បានន័យថា ទ្រព្យសម្បត្តិរបស់ស៊ីហ្គេម ។ ចឹងមរតកស៊ីហ្គេមនេះ មិនអាចយកធ្វើពាណិជ្ជកម្ម ដោយមិនចែករំលែកភាគលាភដល់ស៊ីហ្គេមបានទេ ។ អញ្ចឹងគេយកវត្ថុទាំងនេះទៅធ្វើទីផ្សារ ស្វែងរកការឧបត្ថម្ភ ឬលក់ឲ្យក្រុមហ៊ុន ដើម្បីធ្វើវត្ថុ ឬអាវ ត្រូវមានការសុំសិទ្ធ មិនអាចយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនបានទេ ព្រោះនេះជាសម្បត្តិរបស់ជាតិ និងស៊ីហ្គេម»

«ដូចសម្ដេចពិជ័យសេនាមានប្រសាសន៍អញ្ចឹង យើងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចហើយ គឺជាកម្មសិទ្ធបញ្ញារបស់យើង ។ ហេតុនេះ ពាក់ព័ន្ធនឹងវិធានការ ករណីមានការរំលោភបំពាន យើងត្រូវគោរពកម្មសិទ្ធបញ្ញា ដែលយើងបានចុះបញ្ជី គេមានចែងក្នុងសេចក្ដីណែនាំ ស្ដីពីកម្មសិទ្ធបញ្ញា ដែលមានសិទ្ធត្រឹមណា គេអាចធ្វើបាន ។ ចឹងគេមានទោសទណ្ឌ ទៅតាមច្បាប់ក្រសួងពាណិជ្ជរបស់រដ្ឋយើង បើមានការប្រើប្រាស់រំលោភលើកម្មសិទ្ធបញ្ញា» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

ពាក់ព័ន្ធ Logo និង Mascot នេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់កាលពីម្សិលមិញថា នេះគឺជាកម្មមសិទ្ធបញ្ញារបស់ CAMSOC ដែលមិនអាចមានជនណា បុគ្គលណា ឬក្រុមហ៊ុនឯនជនណា យកប្រើដោយគ្មានការអនុញ្ញាតពី CAMSOC ឡើយ ព្រោះ CAMSOC បានស្នើសុំក្រសួងពាណិជ្ជកម្មចុះបញ្ជីកម្មសិទ្ធបញ្ញារួចហើយ ។ ដូច្នេះសម្ដេចបានអំពាវនាវឲ្យចូលរួមថែរក្សា ការពារកម្មសិទ្ធិបញ្ញា ពិសេសផ្សព្វផ្សាយ Logo និង Mascot ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា៕