(ស្កុតឡេ)៖ ការប្រកួតបាល់ទាត់ ក្របខណ្ឌ Scottish Premiership រវាងក្រុម Aberdeen តទល់នឹងក្រុម St Johnstone នៅថ្ងៃសៅរ៍ ត្រូវបានគេពន្យារទៅពេលក្រោយ បន្ទាប់ពីកីឡាករចំនួន២រូបនៃក្លិប ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុសឆ្លង COVID-19 ខណៈកីឡាករ៦រូបផ្សេងទៀត កំពុងរស់នៅដាច់ដោយឡែកពីគេ, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ។

នៅថ្ងៃព្រហស្បត្តិ៍កន្លងទៅ, ក្លិប Aberdeen បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍មួយថា ការប្រកួតនឹងធ្វើឡើងទៅតាមការគ្រោងទុក ប៉ុន្តែបន្ទាប់ពីមានកិច្ចប្រជុំមួយ នៅថ្ងៃសៅរ៍ រវាងរដ្ឋមន្ត្រីសុខភាពសាធារណៈ, សហព័ន្ធបាល់ទាត់ស្កុតឡេន និងលីគបាល់ទាត់អាជីពស្កុតឡេនរួចមក បានសម្រេចលើកការប្រកួតទៅពេលក្រោយវិញ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ស្កុតឡេន មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន១៨,៧៨១ករណី ក្នុងនោះ ៤,១៦៧ករណីបានជាសះស្បើយ និង២,៤៩១ករណីបានស្លាប់ ៕