(ភ្នំពេញ)៖ ព្រោះតែចង់មានសេរីភាពខ្លួនឯង មិនចង់រស់ក្រោមគំនាប ពេលចូលជ្រកនៅក្នុងផលិតកម្មណាមួយ តារាចម្រៀងវ័យក្មេង និងជាតារាសម្ដែងក្នុងបទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» បានសម្រេចចិត្តចាប់ដៃគូជាមួយលោក រស់ ម៉ានិត បង្កើត Studio ផលិតបទចម្រៀង Original Song ដោយខ្លួនឯង ដើម្បីពង្រឹងការងារចម្រៀងបន្ថែម បន្ទាប់ពីការងារសិល្បៈសម្ដែង កំពុងមានផ្លែផ្កា ទៅមុខជាលំដាប់ហើយនោះ។

ថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ តារាសម្តែងស្រស់សោភាកញ្ញា រុន រីយា បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានប្រឡងក្នុងកម្មវិធី «ពេញចិត្តឬអត់» នៅក្នុងស្ថានីយទូរទស្សន៍ MyTV ជាប់ចំណាត់ថ្នាក់លេខ២រួចមក ឃើញថាការងារសិល្បៈរបស់នាង ចេះតែមានជាហូរហែឥតដាច់ ក្នុងនោះតាមរយៈការសម្ដែងភាពយន្ត ទាំងខ្នាតវែង និងខ្នាតខ្លី ព្រមទាំងបទចម្រៀងខារ៉ាអូខេ គឺមានជាបន្តបន្ទាប់។ រុន រីយា ត្រូវបានគេស្គាល់ ច្រើន តាមរយៈការសម្តែងក្នុងបទចម្រៀង «ស្រឡាញ់អូនដល់កាន់ឈើច្រត់» និងស្នាដៃសម្តែងក្នុងតំណែងជាតួឯក ក្នុងភាពយន្តខ្លីរឿង «សង្សារចាស់»។ ក្នុងនោះតំណែងជាតួរង មានដូចជារឿង «ទឹកភ្នែកកក», រឿង «និស្ស័យបងប្អូន» រឿង «You ទំព័រចុងក្រោយ» និងរឿងទាក់ទងនឹងជំងឺកូវីដ១៩ មានចំណងជើងថា «វីរៈបុរសបិទមុខ» ជាដើម។

តារាចម្រៀង រុន រីយា បន្ថែមថា ងាកមកការងារចម្រៀងវិញ នាងបានចាប់ដៃគូជាមួយលោក រស់ ម៉ានិត គ្រោងបង្កើត Studio ផលិតបទចម្រៀងផ្ទាល់ខ្លួន បន្ទាប់ពីបញ្ចេញនូវចម្រៀងមួយបទរួមគ្នា មានចំណងជើងថា «Phone Call» ដោយទទួលបានការគាំទ្រច្រើនស្ទើរមិនគួរឲ្យជឿ។ ចាប់តាំងពីពេលនោះមក នាងបានបញ្ចេញបទទោលមួយចំនួនទៀតដូចជា «ស្រាជាមិត្ត» និងបទ «ចាប់បេះដូង» ខណៈដែលនៅថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០នេះ នាងនឹងបញ្ចេញបទចម្រៀង សម្រិតសម្រាំងពិសេសមួយ គឺបទ «Sad Flower» ដែលជាបទចម្រៀងមនោសញ្ចេតនា ស៊ីជម្រៅ រៀបរាប់អំពីស្នេហ៍ខកបំណង ដែលបុរសជាសង្សារបណ្តូលចិត្ត ចាកចោលជារៀងរហូត ក្រោយប្រគល់បាច់ផ្កាមកឲ្យ។

តារាសម្ដែង រុន រីយា បានសង្កត់ធ្ងន់ថា នាងបានចាត់ទុកថា ឆ្នាំ២០២០គឺជាឆ្នាំនៃភាពជោគជ័យ លើវិថីសិល្បៈ បើទោះបីជាមានការបារម្ភ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ពិសេស គឺការទទួលបានតំណែង ជាតារាតំណាងផលិតផលថែរក្សាសម្រស់ ពីបរទេសមួយ និងមានឱកាសសម្ដែងក្នុងភាពយន្តខ្លីរឿង «វីរៈបុរសបិទមុខ» ដែលនិយាយពីជំងឺកូវីដ១៩នេះទៀតផង។ នាងទទួលស្គាល់ថា តាំងពី ដើមឆ្នាំនេះ នាងទទួលបានឱកាសសម្តែងជាច្រើន ពីសំណាក់ផលិតករនានា។

តាមការគ្រោងទុក រុន រីយ៉ា នឹងគ្រោងបង្កើត Studio ផលិតបទចម្រៀងផ្ទាល់ខ្លួន ដែលចុងឆ្នាំនេះនាងនឹងបញ្ចេញបទចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍វិញម្តង បន្ទាប់ពីបទចម្រៀងមនោសញ្ចេតនាទាំងនេះ។ កាន់តែពិសេសនាងក៏គ្រោងនឹងបញ្ចេញ Mini Album មួយផ្ទាល់ដែលប្រមូលនូវស្នាដៃបទចម្រៀងថ្មី របស់នាងទាំងអស់។ តារាស្រីរូបនេះរំពឹងថា នាងនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីទស្សនិកជន ហើយនាងសន្យាថា នឹងស្វែងរកអ្វីដែលថ្មី ដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ៕