(ភ្នំពេញ)៖ ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ សហព័ន្ធបានបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កមួយទៀត នៅកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ដោយមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ស្របពេលពិធីបិទក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធបានបង្ហាញនូវក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការរួមចំណែកជាមួយវិស័យកងទ័ព តាមរយៈការចែករំលែកបទពិសោធន៍របស់គុនល្បុក្កតោ ។ រយៈពេល ៤ឆ្នាំកន្លងមក ដែលសហព័ន្ធ បានសហការជាមួយកងយោធពលខេមរភូមិន្ទ សហព័ន្ធបានបញ្ជ្រាបក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ ដល់កងទ័ពជាច្រើន ពិសេសដោយមានការគាំទ្ររបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

អគ្គលេខាធិការវ័យក្មេងរូបនេះ បន្ដថា ក្នុងដំណើរអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ នៅក្នុងវិស័យការពារជាតិនេះដែរ បច្ចុប្បន្នភាគីទាំងពីរ មិនត្រឹមតែមានវគ្គបំប៉នជាបន្ដបន្ទាប់នោះទេ តែសហព័ន្ធក៏កំពុងដំណើរការរៀបចំចងក្រងឯកសារសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ ហើយបាននឹងកំពុងរៀបចំជាឯកសារវីដេអូ សម្រាប់បង្កភាពងាយស្រួល ក្នុងការផ្ទេរនូវជំនាញក្បាច់គុនក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងបណ្តុះបណ្តាលយោធាចារ្យក្បាច់គុន សម្រាប់បំពេញតម្រូវការរបស់អង្គភាពកងកម្លាំងនានាផងដែរ៕