(ក្រុងតូរីន)៖ ក្រុមបាល់ទាត់ Juventus របស់អ៉ីតាលីបានបញ្ចប់តំណែងលោក Maurizio Sarri ពីអ្នកចាត់ការទូទៅជាផ្លូវការហេីយ បន្ទាប់ពីដឹកនាំបានតែ ១រដូវកាលប៉ុណ្ណោះ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយនៅរាត្រីសៅរ៍នេះថា លោក Sarri បានដឹកនាំក្រុមសេះបង្កង់ Juventus ឈ្នះពាន Serie A ជាលេីកទី៩ តែពួកគេត្រូវបានធ្លាក់ចេញពី Champions League ក្រោមថ្វីជេីងក្រុម Lyon របស់បារាំងនៅវគ្គ ១៦ក្រុមចុងក្រោយ។

Juventus បានឈ្នះ ២-១ ក្នុងជេីងទី២ នៅទីក្រុង Turin ប្រទេសអ៉តាលីនារាត្រីថ្ងៃសុក្រ ប៉ុន្តែក្រុមបារាំងបានឈានទៅវគ្គ ៨ក្រុមចុងក្រោយ ដោយសារគ្រាប់ចំណេញក្រៅដី ក្នុងលទ្ធផលស្មេីគ្នា ២-២ ទាំងពីរជេីង។

លោក Sarri ជនជាតិអ៉ីតាលី អាយុ ៦១ឆ្នាំត្រូវបានតែងតាំងដឹកនាំ Juventus ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំកាលពីរដូវក្តៅមុន បន្ទាប់ពីចំណាយពេល ១រដូវកាលដឹកនាំក្លិបតោខៀវ Chelsea ដែលលេងនៅ Premier League៕