(ក្រុងតូរីន)៖ ក្លិប Juventus បានសម្រេចតែងតាំងលោក Andrea Pirlo ធ្វើជាអ្នកចាត់ការជំនួសលោក Maurizio Sarri ដែលត្រូវបណ្តេញចេញពោលគឺ ១សប្តាហ៍បន្ទាប់ពីអតីតខ្សែបម្រើរូបនេះ (Pirlo) ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U23 របស់សបង្កង់។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ក្លិបជេីងឯកអ៉ីតាលីមួយនេះបានបណ្តេញលោក Sarri ចេញពីតំណែង ក្រោយដឹកនាំបានតែមួយរដូវកាល បេីទោះបីឈ្នះ Serie A បន្ទាប់ពីការបរាជ័យរបស់ក្រុមនៅ UEFA Champions League ក្រោមថ្វីជេីងរបស់ Lyon កាលពីថ្ងៃសុក្រ។
Pirlo អាយុ ៤១ឆ្នាំបានចុះកុងត្រារយៈពេល ២ឆ្នាំរហូតដល់ខែមិថុនាឆ្នាំ២០២២ ក្នុងការដឹកនាំ Juventus។
អតីតខ្សែបម្រើក្រុមជម្រើសជាតិអ៉ីតាលី Pirlo ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមអាយុក្រោម ២៣ឆ្នាំរបស់ក្លិបកាលពីថ្ងៃទី៣០ ខែកក្កដា។
ក្នុងសេចក្តីថ្លែងការណ៍របស់ Juventus បានឲ្យដឹងថា ការសម្រេចចិត្តលើកកម្ពស់គាត់គឺ ផ្អែកលើជំនឿថា Pirlo មានអ្វីដែលត្រូវការ ដើម្បីដឹកនាំពីការបង្ហាញខ្លួនដំបូងរបស់គាត់នៅលើកៅអីកីឡាករជំនាញ និងក្រុមដែលមានទេពកោសល្យ ដើម្បីបន្តភាពជោគជ័យថ្មី។
Pirlo លេងបាន ១៦៤ប្រកួតឲ្យក្រុម Juventus ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៥ និងឈ្នះពានរង្វាន់ Serie A ចំនួន ៤ដងនៅទីក្រុង Turin បន្ទាប់ពីចូលរួមពីក្លិប AC Milan ដែលគាត់ចំណាយពេលភាគច្រើនក្នុងអាជីពរបស់គាត់ និងឈ្នះពានរង្វាន់ Champions League ២ដងដែរ៕