(បង់ក្លាដេស)៖ យ៉ាងហោចណាស់ កីឡាករចំនួន១៨នាក់ នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិ របស់ប្រទេសបង់ក្លាដេស បួកនឹងជំនួយការគ្រូបង្វឹកម្នាក់ទៀត ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 ចាប់តាំងពីមានការជួបជុំនៅជំរុំ ដើម្បីធ្វើការហ្វឹកហាត់ នៅសប្តាហ៍នេះ, នេះបើយោងតាមសារព័ត៌មាន Sportstar ចុះផ្សាយនាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ។

សរុបមានកីឡាករ៣៦នាក់ ដែលត្រូវបានគេអញ្ជើញទៅជំរុំហ្វឹកហាត់ នៅទីក្រុង Gazipur ភាគខាងជើងរដ្ឋធានី Dhaka ដើម្បីរៀបចំចូលរួម វគ្គប្រកួតជម្រុះ ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០២២ និងព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣។ ពួកគេ ត្រូវបានគេបញ្ជាក់ថា មិនមានផ្ទុកវីរ៉ុសនោះទេ មុនពេលចូលមកកាន់ជំរុំ។ ខណៈមានតែកីឡាករម្នាក់ប៉ុណ្ណោះ ដែលបរាជ័យ ក្នុងការធ្វើតេស្ត។

សហព័ន្ធបាល់ទាត់បង់ក្លាដេស បានធ្វើតេស្តលើកីឡាករ២៤នាក់ នៅជុំដំបូង នៃការត្រួតពិនិត្យសុខភាព នៅរដ្ឋធានី Dhaka។

នៅថ្ងៃពុធ, កីឡាករ៤នាក់ ត្រូវបានគេរកឃើញថា មានលទ្ធផលវិជ្ជមាន។ នៅថ្ងៃព្រហស្បត្តិ៍ កីឡាករ៧នាក់ថែមទៀត ត្រូវបានរកឃើញវិជ្ជមាន ហើយនៅថ្ងៃសុក្រ កីឡាករចំនួន៧នាក់ថែមទៀត ត្រូវបានគេរកឃើញលទ្ធផលវិជ្ជមាន បួករួមជាមួយនឹងសមាជិកបុគ្គលិកម្នាក់។

សហព័ន្ធបាល់ទាត់ បានបញ្ជាក់ថា «ពួកគេទាំងអស់ ត្រូវបានដាក់ឲ្យរស់នៅ ដាច់ដោយឡែកពីគេ នៅពេលនេះ»

គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះដំបូង របស់ក្រុមបង់ក្លាដេស គឺនឹងធ្វើឡើង នៅថ្ងៃទី៨ ខែតុលា ដោយត្រូវប្រកួតជាមួយនឹង ក្រុមអាហ្វហ្គានីស្ថាន នៅទីក្រុង Sylhet របស់បង់ក្លាដេស៕