(ភ្នំពេញ)៖ មហាជនពិតជាដឹងហើយថា នី មុនីនាថ គឺជាតារាសម្តែងមួយរូប ដែលទស្សនិកជនគ្រប់គ្នា សុទ្ធសឹងតែបានស្គាល់ពីទេពកោសល្យពិសេសរបស់នាង ក្នុងការសម្តែងភាពយន្ត និង មានភាពប៉ិនប្រសព្វ ក្នុងការបញ្ចូលអារម្មណ៍ទៅតាមសាច់រឿងនីមួយៗ ពោលគឺពេលសម្តែងជាតួកំសត់ ស្ទើរតែធ្វើឲ្យទស្សនិកជនហូរទឹកភ្នែកទៅតាមសាច់រឿង របស់នាងសម្ដែង។ អ្វីដែលពិសេស ទាំងមហាជន និងផលិតករសុទ្ធតែដឹងថា នាងមានទេពកោសល្យពិសេស ក្នុងការសម្តែងភាពយន្ត និយាយរួមពេលសម្តែងជាតួកំសត់ ទឹកភ្នែករបស់នាងហូរមកឯងៗមួយរំពេចតែម្តង រហូតជាប់ងារថាជា «តារាទឹកភ្នែក»។ ប៉ុន្តែអ្វីដែលទស្សនិកជនភាគច្រើន និងផលិតករទូទៅមិនទាន់បានដឹងនោះថា តើ នី មុនីនាថ មានបច្ចេកទេសយ៉ាងណា ក្នុងការដាក់អារម្មណ៍ឲ្យយំបាន លឿន និងត្រឹមត្រូវទៅតាមសាច់រឿងដែលនាងសម្តែង?

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា នី មុន្នីនាថ បានទម្លាយពីវិធីសាស្ត្របង្ហូរទឹកភ្នែកយ៉ាងឆាប់រហ័ស ពេលថតភាពយន្តជាតួទឹកភ្នែក យ៉ាងដូច្នេះថា ពេលណាសម្តែងជាតួទឹកភ្នែក ត្រូវមើលសាច់រឿងដែលត្រូវសម្តែងដោយយកចិត្តទុកដាក់ថា តើត្រូវយំបែបណា ឲ្យមហាជនមើលទៅឃើញថា ពិតជាមានការឈឺចាប់ចេញពីចិត្ត បែបនេះគេហៅថា ការយំលាក់អារម្មណ៍។

នី មុនីនាថ បន្តថា ការយំគឺត្រូវការកែវភ្នែក មិនមែនបានន័យថា គ្រាន់តែសម្រក់ទឹកភ្នែកឲ្យគេយំតាមនោះទេ ពោលគឺត្រូវការប្រើក្រសែ ភ្នែក។ សូម្បីតែអ្នកថត (Camera Man) ក៏ថតផ្តោតទៅលើកែវភ្នែកដែរ ដើម្បីបង្ហាញដល់មហាជន ពីភាពឈឺចាប់របស់តួអង្គកំសត់ដែលកំពុងសម្តែង។ បន្ថែមពីនេះ ការប្រើអារម្មណ៍ជារឿងដ៏សំខាន់បំផុត ពោលគឺផ្តោតអារម្មណ៍លើសាច់រឿង ដែលកំពុងសម្តែងថា តើពេលណាត្រូវនិយាយទាំងអួលដើមក ដោយមិនសម្រក់ទឹកភ្នែក ពេលណាគ្រាន់តែសម្រក់ទឹកភ្នែក ហើយពេលណាត្រូវទ្រហោរយំតែម្តង ដូច្នេះត្រូវការសមាធិ ដើម្បីផ្តោតអារម្មណ៍លើសាច់រឿងនោះ។

និយាយដល់ចំណុចនេះ កញ្ញា នី មុន្នីនាថ បានសង្កត់ធ្ងន់ថា ម្យ៉ាងវិញទៀត ទោះបីជាអ្នកសម្តែងនោះ ខំសម្ដែងបានល្អយ៉ាងណាក្ដី ប៉ុន្តែក៏ត្រូវមានជំនួយខ្លះបន្ថែមពី អ្នកបច្ចេកទេស ថត និងអ្នកកាត់តផងដែរ ពោលគឺមានការសហការគ្នា ទើបរឿងមួយចេញមកបានល្អ ជាពិសេសការបង្ហូរទឹកភ្នែកមកស្ទើរតែធ្វើឲ្យអ្នកទស្សនាយំតាមតែម្តង។

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា នី មុន្នីនាថ ក៏បានរំឭកទៅជីវិតកាលពីកុមារភាពថា នាងតែងតែចូលចិត្តទស្សនាខ្សែភាពយន្តបែបកម្សត់ ហើយ យំទៅតាមសាច់រឿងដែលកំពុងទស្សនានោះ រហូតបានចូលធ្វើជាតារាសម្តែង ក៏មានបច្ចេកទេសខាងបង្ហូរទឹកភ្នែកមួយរំពេច ពេលដល់វគ្គកំសត់។

គួរជម្រាបថា តារាសម្តែងកែវភ្នែកមុតស្រួច នី មុន្នីនាថ ត្រូវបានគេដឹងថា ជាសិល្បការិនីមួយរូបដែលមានទេពកោសល្យ មិនធម្មតាក្នុងការសម្តែងភាពយន្ត ពោលគឺមិនថាសាច់រឿងប្រភេទណានោះទេ នាងតែងតែរក្សារបាននូវភាពបត់បែន ប្រកបដោយសមត្ថភាពខ្ពស់ក្នុងការសម្តែង។ ក្រៅពីមានងារជាតួទឹកភ្នែក សម្រាប់តួអង្គប្រភេទកាចឆ្នាស់ក៏នាង មានជំនាញមិនណយដែរ ព្រោះកែវភ្នែកដ៏មុតស្រូចរបស់នាង បានទម្លុះបេះដូងគូសត្រូវ ស្ទើរតែធ្វើឲ្យមហាជនទស្សនាការសម្តែងហើយ ស្អប់នាងដល់ឆ្អឹងតែម្តង៕