(ភ្នំពេញ)៖ ការប្រកួតលីគបាល់បោះកម្ពុជា ឆ្នាំ២០២០ បានដំណើរការប្រកួតចំនួន ២សប្ដាហ៍មកហើយ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្របពេលមានក្រុមខ្លាំង ២ កំពុងបង្ហាញភាពលេចធ្លោរក្នុងការប្រកួតនេះ រួមមានក្រុមបាល់បោះ Dragons និងក្រុម Extra Joss Fighters ដែលដណ្ដើមបានជ័យជម្នះ ២ប្រកួតផ្ទួនៗ និងរកបាន ៦ពិន្ទុស្មើគ្នា។
ចំពោះក្រុម Dragons បានយកឈ្នះក្រុម Yuetai Mekongers ដោយលទ្ធផល ៧៧-៦៩ពិន្ទុ ក្នុងប្រកួតទី២ របស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីប្រកួតបើកឆាកឈ្នះក្រុម Master Tapsi ដោយលទ្ធផល ៦៩-៥៨ពិន្ទុ។ ឯប្រកួតទី២ របស់ក្រុម Extra Joss Fighters គឺឈ្នះក្រុម Asianballers ដោយលទ្ធផល ៧៤-៥២ពិន្ទុ ដ្បិតប្រកួតទី១ ឈ្នះក្រុម Yi Li Beyond ដោយលទ្ធផល ៦៨-៥៤ពិន្ទុ។
ចំណែកក្រុមបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញបានយកឈ្នះក្រុម Master Tapsi ដោយលទ្ធផល ៥៥-៥៤ពិន្ទុ។ នេះគឺជាប្រកួត និងជ័យជម្នះលើកដំបូងរបស់ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ទុយពីក្រុម Master Tapsi ដែលរងបរាជ័យជាលើកទី២ បន្ទាប់ពីប្រកួតដំបូងចាញ់ក្រុម Dragons ខាងលើ។
សូមបញ្ជាក់ថា ការប្រកួតក្របខណ្ឌលីគបាល់បោះកម្ពុជា រដូវកាលឆ្នាំ២០២០ នេះ មានបេក្ខភាពចូលរួមប្រកួតប្រជែងសរុប ៧ក្រុម ហើយក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតវិលជុំ ដើម្បីសន្សំពិន្ទុ និងប្រជែងកៅអីវគ្គបន្ដ។ ការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាពហុកីឡដ្ឋានជាតិតែមួយគត់៕