(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ Manchester United នឹងត្រូវប្រឈមមុខជាមួយនឹងក្រុម FC Copenhagen របស់ដាណឺម៉ាក ក្នុងវគ្គ ៨ក្រុមចុងក្រោយនារាត្រីថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រជែងយកកៅអីឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតនៅទឹកដីកណ្តាលនាកីឡដ្ឋាន Stadion Koln របស់អាល្លឺម៉ង់នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ ក្នុងការប្រកួតតែ ១ជើងដោយបិទទ្វារកីឡដ្ឋាន ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ Covid-19។
យោងតាមគេហទំព័ររបស់ក្លិបបិសាចក្រហមបានចេញផ្សាយថា ក្រុមរបស់លោក Ole Gunnar Solskjaer នឹងអវត្តមានកីឡាករ Phil Jones, Luke Shaw និង Axel Tuanzebe គ្រាដែលកីឡាករចាំទី Sergio Romero ដែលបានបង្ហាញខ្លួនក្នុងវគ្គ ១៦ក្រុម ជើងទី២ ពេលទម្លាក់ LASK នោះ ទំនងជាជាប់ជម្រើស ១១នាក់ដំបូង ដោយសារតែរូបគេតែងតែបង្ហាញខ្លួនញឺកញាប់ក្នុងយុទ្ធនាការពានលំដាប់ទី២ អឺរ៉ុប UEFA Europa League នេះ។
ក្រុមមកពីទីក្រុង Manchester នៃប្រទេសអង់គ្លេសខាងលើនេះ ធ្លាប់ជួប Copenhagen តែ ២ដងគត់កាលឆ្នាំ២០០៦ ក្នុងពាន Europa League ដូចគ្នា ដោយធ្លាប់ឈ្នះ ៣-០ និងចាញ់ ១-០ មិនដែលស្មើឡើយ។ នៅរាត្រីផងដែរ ក៏មានការប្រកួតរវាង Inter Milan របស់អ៉ីតាលី ប្រកួតទល់នឹង Bayer Leverkusen របស់អាល្លឺម៉ង់នាម៉ោងដូចគ្នាខាង លើទៀតផង ក្នុងវគ្គ ១/៤ដូចគ្នា៕