(ភ្នំពេញ)៖ ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឆ្នាំ២០២០ នេះបានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី៣ ឬវគ្គ ១៨ក្រុមចុងក្រោយកាលពីចុងសប្ដាហ៍កន្លងទៅ។
ចំពោះបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ U16 រួមមានពូល A ក្រុមនរគរាជអែហ្វស៊ី ឈរលេខ១ និងក្រុមវិសាខា ឈរលេខ២។ រីឯពូល B វិញមានក្រុមសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ និងក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ដែលរកបាន ៦ពិន្ទុស្មើគ្នា។
សម្រាប់ក្រុមនគររាជអែហ្វស៊ី បានយកឈ្នះក្រុម U15 វិសាខា ដោយលទ្ធផល ២-១ ក្នុងជំនួបបញ្ចប់ពូល A នៅទីលានសាលាបាល់ទាត់ជាតិបាទី។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមកំពុងឡើងជើងនគររាជ័យ ឈរលេខ១ ក្នុងពូលមាន ៩ពិន្ទុ ខណៈវិសាខា ឈរលេខ២ មាន ៦ពិន្ទុ។
ចំណែកក្រុមសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ បានយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ១-០ ស្របពេលក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ បានយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ២-០។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមយុវជននៅខេត្តជាប់គ្នាទាំងពីរ មាន ៦ពិន្ទុស្មើគ្នា ដើម្បីដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដោយឡែកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន U18 វិញ រួមមានក្រុមយុវជនភ្នំពេញក្រោន វិសាខា សាលាតម្រង់ទិសខេត្តក្រចេះ និងក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ដោយក្រុមទាំង៤ សុទ្ធតែធ្វើបានយ៉ាងល្អ ក្នុងការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ។
សម្រាប់លទ្ធផលប្រកួតជើងទី២ រួមមានក្រុមភ្នំពេញក្រោន ឈ្នះក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ២-០ សរុបលទ្ធផល ២ជើង ភ្នំពេញក្រោនឈ្នះ ៨-១។ ក្រុមវិសាខា ឈ្នះយុវជនព្រះខ័នរាជស្វាយរៀង ២-០ ដូចគ្នា សរុបលទ្ធផល ២ជើង វិសាខាឈ្នះ ៣-១។ ក្រុមសាលាតម្រង់ទិសខេត្តក្រចេះ ឈ្នះក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ១-០ សរុបលទ្ធផល ២ជើងខេត្ដក្រចេះឈ្នះ ២-០។ ក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ឈ្នះក្រុមសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ៣-១ សរុបលទ្ធផល ២ជើង ស្ទឹងត្រែងឈ្នះ ៤-២។
ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ U16 និង U18 វិញ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៦ និងថ្ងៃទី២៣ ខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC៕