(ខេត្តបន្ទាយមានជ័យ)៖ នៅតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកការប្រកួតបាល់ទះរវាង ស្ថាប័នកងរាជអាវុធខេត្ត ស្ថាប័នតំប្រតិបត្តិសឹករងខេត្ត ស្ថាប័ននគរបាលខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ ជាលក្ខណៈមិត្តភាព និងសាមគ្គីភាពនៅល្ងាចថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមកីឡាករជាច្រើននាក់ទៀត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងថា ការប្រកួតបាល់ទះនេះ គឺដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ទៅលើវិស័យកីឡាគ្រប់ប្រភេទរបស់ខេត្តបន្ទាយមានជ័យ ក៏ដូចក្នុងន័យបង្ហាញពីស្មារតីសេ្នហា និងលើកស្ទួយវិស័យកីឡាឲ្យបានកាន់តែរស់រវើក និងរីកចម្រើន បន្ទាប់ពីបាត់បង់ក្នុងទសវត្សរ៍ទី៧០ សម័យខ្មែរក្រហម ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មក។

លោក បាន ប៊ិន បានបញ្ជាក់ថា ការប្រកួតបាល់ទះនេះ លទ្ធផលចាញ់-ឈ្នះវាមានសារៈសំខាន់ណាស់ ប៉ុន្តែស្មារតីស្រឡាញ់រាប់អានគ្នាជាបងប្អូន និងសាមគ្គីភាពរវាងគ្នានិងគ្នា រវាងក្រុមមួយ និងក្រុមមួយទៀត កាន់តែមានសារៈសំខាន់ថែមទៀត ព្រោះវិស័យកីឡាកន្លងមក បានរួមចំណែកយ៉ាងខ្លាំង សម្រាប់សន្តិភាពលើលោក។

សព្វថ្ងៃនេះលោកអភិបាលខេត្តកំពុងបំផុសប្រធានមន្ទីរ កងរាជអាវុធហត្ថ អង្គភាព ក្រុមហ៊ុន អាជីវករ និង សិស្សានុសិស្ស យុវជន យុវនារីនៅតាមមូលដ្ឋាន ព្រោះកំលាំងយុវជន និងយុវនារីជាចលករ និងជាសសរទ្រូងរបស់ប្រទេសជាតិ ធ្វើយ៉ាងណាឲ្យយុវជន និងយុវនារីចូលលេងកីឡាគ្រប់ប្រភេទឲ្យបានច្រើន និងសកម្មផងជៀសវាងពីការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន អបាយមុខផ្សេងៗ ក្មេងទំនើងជាដើម។

លោកថា សព្វថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់វិស័យកីឡាយ៉ាងខ្លាំងខ្លាបំផុតដែលកក្តាទាំងអស់នេះហើយ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យកីឡាយ៉ាងខ្លាំងរបស់សម្តេច ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះក្នុងការប្រកួត SEA Games ឆ្នាំ២០២៣ ខាងមុខនេះដែរ៕