(អាមេរិក)៖ ក្រុមហ៊ុន Huawei Technologies Co បានប្រកាសឱ្យដឹងថា នឹងឈប់ផលិតបន្ទះឈីបប្រភេទ Kirin នៅខែក្រោយនេះ ដោយសារឥទ្ធិពលនៃសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
សម្ពាធពីសំណាក់សហរដ្ឋអាមេរិក បានបង្ខំឱ្យក្រុមហ៊ុន Huawei ត្រូវបិទអាជីវកម្មផលិតបន្ទះឈីបរបស់ខ្លួននៅអាមេរិក ប៉ុន្តែវាមិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត។
លោក Richard Yu នាយកប្រតិបត្តិ Huawei បានឱ្យដឹងថា «ជាអកុសល! នេះជាជុំទី២ នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើក្រុមហ៊ុន សង្វាក់ផលិតកម្មរបស់ Huawei ដូច្នេះយើង (Huawei) សូមជូនដំណឹងថា អាជីវកម្មផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក នឹងត្រូវបិទចាប់ពីថ្ងៃទី១៥ ខែកញ្ញា»។
គួរបញ្ជាក់ផងដែរថា ចំណងសម្ព័ន្ធភាពរបស់អាមេរិក និងចិន ហាក់ដូចជាកាន់តែផុយស្រួយ ដោយសារតែសហរដ្ឋអាមេរិកបានដាក់សម្ពាធជាច្រើនមកលើកក្រុមហ៊ុនចិន ដូចជា Huawei, TikTok និងថ្មីៗនេះគឺ WeChat ៕