(អាមេរិក)៖ លោក Simon Cowell ដែលត្រូវបានគេស្គាល់ថា ជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក «America’s Got Talent» ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ និងទទួលការវះកាត់ជាបន្ទាន់ បន្ទាប់ពីជួបគ្រោះថ្នាក់ បង្កមកពីការធ្លាក់ពីលើកង់អេឡិចត្រូនិច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
បើតាមក្រុមគ្រួសាររបស់លោក Simon បានិយាយថា លោកបាក់ឆ្អឹងជាច្រើនកន្លែង បន្ទាប់ពីធ្លាក់ពីលើកង់អេឡិចត្រូនិច ដែលទើបនឹងទិញ អំឡុងពេលដែលលោកបានសាកល្បងជិះនៅផ្ទះ ស្ថិតនៅទីក្រុង Malibu រដ្ឋអាលីហ្វ័រញ៉ា កាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា។
ក្រោយទទួលការព្យាបាល លោក Simon មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ ទន្ទឹមគ្នានេះ លោក Simon ផ្ទាល់បានសំណូមពរដល់មហាជនទាំងអស់ថា ប្រសិនបើទិញកង់អាឡិចត្រូនិច សូមអានការណែនាំមុននឹងជិះជាលើកដំបូង ខណៈគ្រោះថ្នាក់នេះនឹងធ្វើឲ្យលោក Simon ប្រឈមការអវត្តមានធ្វើជាគណៈកម្មការ សម្រាប់រដូវកាលថ្មី នៃកម្មវិធី «America’s Got Telent» ដែលនឹងធ្វើការផ្សាយផ្ទាល់ នៅថ្ងៃអង្គារ៍ និងថ្ងៃពុធសប្តាហ៍នេះ។
គួរជម្រាបថា លោក Simon Cowell ក្រៅពីធ្វើជាគណៈកម្មការក្នុងកម្មវិធី «America’s Got Telent» លោកក៏ធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើនដូចជា កម្មវិធី «Britain's Got Talent», កម្មវិធី «The X Factor» និងកម្មវិធី «American Idol» ជាដើម៕