(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រេស៊ីល Willan បានប្រកាសពីការចែកផ្លូវជាមួយក្លិបតោខៀវ Chelsea ជាផ្លូវការហើយ ក្រោយចំណាយពេល ៧ឆ្នាំលេងនៅក្លិបអង់គ្លេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។
ការចាកចេញជាលក្ខណៈ free transfer នេះ បន្ទាប់ពីកិច្ចសន្យារបស់កីឡាករសក់កន្រ្ទើងផុតសុពលភាពនៅកីឡដ្ឋាន Stamford Bridge ក្រោយពេលភាគីទាំងពីរមិនព្រមបន្តកិច្ចសន្យាថ្មីទៀត។
ខ្សែបម្រើដែលមានវ័យ ៣២ឆ្នាំ Willian បានខកខាន ២ប្រកួតចុងក្រោយរបស់តោខៀវ Chelsea នារដូវកាលឆ្នាំ២០១៩-២០២០ ពេលប្រកួតចាញ់ Arsenal នៅវគ្គផ្តាច់ព្រ័ត្រ FA Cup និងបញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមនៅ UEFA Champions League ដែលបានចាញ់ម្ចាស់ផ្ទះ Bayer Munich ៤-១ កាលពីរាត្រីថ្ងៃអាទិត្យ ទី០៩ ខែសីហា ដោយសារបញ្ហារបួសកែងជើងមិនទាន់ជាសះស្បើយ។
Willian ចូលលេងបាន ៣៣៩ប្រកួតក្នុងក្លិប Chelsea គិតចាប់តាំងពីឆ្នាំ២០១៣ មក ក្រោមតម្លៃខ្លួន ៣០លានផោន ស្មើនឹង ៣៩លានដុល្លារពីក្លិបរុស្ស៊ី Anzhi Makhachkala ដែលបានក្លាយជាកីឡាករលេចធ្លោរ ១រូបនៅទឹកដី Stamford Bridge ផងដែរ ជាមួយការជួយក្លិបឈ្នះជើងឯកពាន Premier League ២ដង Europa League ១ដង និងឈ្នះពានឯកត្តជនក្នុងនាមកីឡាករល្អបំផុតប្រចាំឆ្នាំក្នុងក្លិបតោខៀវបាន ២ដងដែរ៕