(បរទេស)៖ កន្លងទៅពួកយើងប្រហែលជាធ្លាប់បានលឺហើយ អំពីយន្តហោះដែលមានសមត្ថភាពហោះលឿនជាងល្បឿនសំឡេង ឬមួយក៏ មីស៉ីលដែលហោះបានលឿន ជាងល្បឿនសំឡេង។ តើអ្នកមានដឹងដែរឬទេថា ជាក់ស្តែងល្បឿនសំឡេងស្មើនឹងប៉ុន្មានដែរ?

ល្បឿនសំឡេង (Speed of Sound) ជាពាក្យគេប្រើសំដៅលើល្បឿននៃការធ្វើដំណើររបស់រលកសំឡេង ឆ្លងកាត់ក្នុងខ្យល់និងក្នុងទឹកឬវត្ថុផ្សេងៗទៀត ប៉ុន្តែជាទូទៅគេប្រើវាសម្រាប់សំដៅលើល្បឿនសំឡេងធ្វើដំណើរនៅក្នុងខ្យល់ ខណៈនៅក្នុងទឹក រលកសំឡេងធ្វើដំណើរលឿនជាងនៅក្នុងខ្យល់។ ក្នុងខ្យល់ល្បឿនធ្វើដំណើររបស់សំឡេងក៏មានភាពខុសគ្នាផងដែរ ដោយវាអាស្រ័យជាពិសេសទៅលើសីតុណ្ហភាព។

នៅកម្ពស់នីវ៉ូទឹកសមុទ្រ ជាមួយសីតុណ្ហភាពចន្លោះ១៥-២១អង្សាសេ ក្រោមលក្ខណៈអាកាសធាតុធម្មតា សំឡេងមានល្បឿនចន្លោះពី ១,២២៥-១២៣៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្រោះម៉ូលេគុលឧស្ម័នធ្វើដំណើរកាន់តែយឺតទៅៗ នៅក្នុងសីតុណ្ហភាពដែលកាន់តែត្រជាក់ទៅៗ ល្បឿនរបស់សំឡេងក៏ត្រូវថយចុះតាមនោះដែរ ខណៈល្បឿនធ្វើដំណើរបានកាន់តែលឿន នៅក្នុងខ្យល់ដែលកាន់តែក្តៅ។

ហេតុដូច្នេះហើយ ល្បឿនដែលតម្រូវឲ្យអាចបំបែករនាំងសំឡេង (លឿនជាងល្បឿនសំឡេង) បាននោះ គឺថយចុះទៅតាមរយៈកម្ពស់ក្នុងបរិយាកាស ដោយនៅកម្ពស់កាន់តែខ្ពស់ក្នុងបរិយាកាស សីតុណ្ហភាពកាន់តែត្រជាក់។ ការបើកយន្តហោះឲ្យលឿនជាងល្បឿនសំឡេងជាលើកដំបូងបំផុត បានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៤៧ នៅពេលអាកាសយានិកអាមេរិក លោក Chuck Yeager បានបំបែករនាំងសំឡេងដោយជោគជ័យ ជាមួយល្បឿន១,១២៧គីឡូម៉ែត្រក្នុងមួយម៉ោង (Mach 1.06) តាមរយៈការប្រើប្រាស់យន្តហោះ X-1 ឈ្មោះ Gramorous Glennis។

ល្បឿនសំឡេងគោលត្រូវគេហៅថា Mach 1 ខណៈ Mach 2 គឺជាល្បឿនលឿនជាងល្បឿនសំឡេង២ដង។ ល្បឿនដែលលឿនជាងល្បឿនសំឡេង (Mach 1) គេហៅថា Supersonic ហើយល្បឿនដែលលឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើងទៅ គេហៅថា Hypersonic។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ យន្តហោះ X-43A របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានហោះលឿនជាង X-1 ដល់ទៅ៩ដងគឺដល់ Mach 9.6 ឬខ្ទង់ ១ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។ ល្បឿននេះជាល្បឿនលឿនបំផុត ដែលសម្រេចបានដោយយន្តហោះ គិតមកទល់សព្វថ្ងៃនេះ៕