(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យអចលនទ្រព្យខេត្តកំពត ហើយជឿជាក់ថា អ្វីដែលក្រុងព្រះសីហនុកំពុងមានបច្ចុប្បន្ននេះ រយៈពេល ៥ ទៅ ១០ឆ្នាំទៀត ខេត្តកំពត នឹងមានដូចគ្នា។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីអចលនទ្រព្យរបស់ KW កំពត នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមប្រមាណ ១០០នាក់។ អ្នកជំនាញអចលនទ្រព្យដដែលអះអាងថា ទោះបីខេត្តកំពតមានទំហំតូច តែឱកាសវិនិយោគ និងសក្ដានុពលវិស័យដីធ្លីខេត្តនេះ មិនតូចនោះទេ។

លោកថា «វិស័យដីធ្លីខេត្តកំពត មានសន្ទុះខ្លាំង។ បើគិតពីទំហំខេត្ត កំពតមិនធំទេ តែសក្ដានុពលដីធ្លី គឺខ្លាំង ដោយសារកំពត មានភូមិសាស្ដ្រល្អ មានភ្នំ មានស្ទឹង មានសមុទ្រ ពិសេសមានការអភិវឌ្ឍន៍ច្រើន និយាយរួមខេត្តកំពតតូច តែសក្ដានុពលវិស័យដីធ្លី។ ខ្ញុំគិតថា កំពត មិនចាញ់កំពង់សោមប៉ុន្មានទេ គ្រាន់តែត្រូវការពេលវេលា។ ចឹងខ្ញុំមើលឃើញអ្នកកំពុងប្រកបអាជីវកម្មនៅកំពត នឹងទទួលជោគជ័យ នាថ្ងៃអនាគត»

លោកសង្កត់ធ្ងន់ថា «កំពង់សោមដើរមុនកំពត ៥ឆ្នាំ ចឹងមានន័យថា អ្វីដែលកំពង់សោមកំពុងមាន កំពតអាចមាន ៥ ទៅ ១០ឆ្នាំក្រោយ ឬអ្វីដែលកំពត កំពុងមាន គឺអ្វីដែលកំពង់សោមមាន ៥ ឬ ១០ឆ្នាំមុន។ ចឹងអ្នកដែលវិនិយោគរយៈពេលយូរអង្វែង គឺគេមិនទៅកំពង់សោមទេ គេមកកំពតហើយ តែបើអ្នកអភិវឌ្ឍសាងភ្លាមលក់ភ្លាម គេទៅកំពង់សោម។ តែបើអ្នកទិញទុក ឬទិញសម្រាប់វិនិយោគថ្ងៃក្រោយ គេទិញនៅកំពតវិញ»

ចំណែកលោក កែវ សុជាតិ អគ្គនាយក KW កំពត និយាយថា រយៈពេលចុងក្រោយ ទោះពីមានវិបត្តិកូវីដ-១៩ តែលោកសង្កេតឃើញក្រុមហ៊ុនបរទេសជាច្រើនបានចាប់អារម្មណ៍ និងកំពុងសិក្សាអំពីឱកាសវិនិយោគនៅទីនេះ។ លើសពីនេះ ក៏កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិផងដែរ ដែលជំរុញឲ្យប្រតិបត្តិការទិញលក់អចលទ្រព្យកាន់តែរីកចម្រើនថែមទៀត។

លោកថា «យើងនៅតែមានទស្សនៈវិស័យថា ខេត្តកំពត ជាខេត្តអភិវឌ្ឍចុងក្រោយគេ ហើយមានអាគារខ្ពស់ៗ មិនចាញ់ការអភិវឌ្ឍនៅខេត្តដទៃ ឬទីក្រុងដទៃឡើយ ដោយសារមានក្រុមហ៊ុនវិនិយោគបរទេសជាច្រើន កំពុងសម្លឹងសក្ដានុពលខេត្តកំពត ដោយសារតម្លៃអចលនទ្រព្យនៅមានកម្រិតទាប។ ចឹងបងប្អូនទូទៅ នៅតែមានឱកាស បើធៀបនឹងខេត្តជាប់យើង ដូចជាខេត្តព្រះសីហនុ ដែលតម្លៃកើនឡើងខ្លាំង»

ទន្ទឹមជាមួយគ្នា លោកស្រី Cynthia តំណាងគម្រោង La Vista One ក៏បានបង្ហាញនូវទស្សនៈវិស័យវែងឆ្ងាយ ចំពោះវិស័យអចលនទ្រព្យខេត្តកំពតផងដែរ ហើយលោកស្រីជឿជាក់ថា ខេត្តនេះមិនត្រឹមក្លាយជាគោលដៅទេសចរណ៍នោះទេ តែក៏នឹងវិវឌ្ឍន៍ទៅជាតំបន់ពាណិជ្ចកម្ម និងសេដ្ឋកិច្ចដ៏សំបូរបែបទៀតដែរ៕