(ភ្នំពេញ)៖ ក្រុមបាល់ទាត់ចំណូលថ្មី TN Kandal និងក្រុមការពារតំណែងជើងឯក ISI ដង្កោសែនជ័យ បានពង្រឹងឱកាសប្រជែងពានរង្វាន់ KW Cambodia League 2020 ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងសប្ដាហ៍ទី៩ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ក្រុម TN Kandal បានលត់ក្រុម Sniper FC ដោយលទ្ធផល ៨-០ ស្របពេលក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុម Pitou FC ដោយលទ្ធផល ៣-០ មិនឲ្យតដៃរួចដូចគ្នា។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមទាំងពីរ រកបាន ២៤ពិន្ទុស្មើគ្នា ដើម្បីឈរលេខ១ និងលេខ២ បណ្ដោះអាសន្ន។

ដោយឡែកក្រុម Avatar និងក្រុម Riel PP បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ការប្រកួតដ៏តានតឹង ៩០នាទីពេញស្មើគ្នា ០-០ នាំឲ្យក្រុម Riel PP រក្សាកៅអីលេខ៣ និងមាន ២២ពិន្ទុ គ្រាដែល Avatar ធ្លាក់មកឈរលេខ៥ និងមាន ១៩ពិន្ទុ ស្មើក្រុម Khmer United-A ដែលឈរលេខ៤ ក្រោយយកឈ្នះក្រុម Mambo PP ៤-២។

ចំណែកលទ្ធផល ៣គូផ្សេងទៀត នៅក្នុងពានរង្វាន់ KW Cambodia League សប្ដាហ៍ទី៩ រួមមានក្រុម Bayon Wanderers យកឈ្នះក្រុម Khmer United-B ៥-០, ក្រុមមហាហង្សអលស្ដារ បំបាក់ក្រុមតាំងគោក ២១-១ និងក្រុមពួកម៉ាក់យូណាយធីត ស្មើក្រុមយុវជនវត្តវ៉ារិន ០-០៕