(អេស្ប៉ាញ)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Madrid Marathon នៅប្រទេសអេស្ប៉ាញ បានក្លាយជាព្រឹត្តិការណ៍កីឡាចុងក្រោយគេ ដែលបានក្លាយជាជនរងគ្រោះ ដោយសារតែវិបត្តិជំងឺឆ្លង COVID-19, បន្ទាប់ពីអ្នករៀបចំកម្មវិធី បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ព្រឹត្តិការណ៍ ដែលដំបូងឡើយ គ្រោងនឹង ធ្វើឡើង នៅចុងខែមេសា ហើយត្រូវពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកាវិញនោះ ត្រូវបានលុបចោលហើយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ពួកគេបានធ្វើការសម្រេចចិត្ត «បន្ទាប់ពីបានពិចារណា លើការវិវត្តន៍នៃជំងឺ COVID-19 នៅក្នុងពិភពលោក ហើយបន្ទាប់ពីបានពិនិត្យមើលជម្រើសផ្សេង ដែលអាចធ្វើទៅបាន»។
ព្រឹត្តិការណ៍រត់ប្រណាំង ដែលកាលពីឆ្នាំមុន បានទាក់ទាញអ្នកចូលរួមរត់ ជាង៨,០០០នាក់នោះ ដំបូងឡើយ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៦ ខែមេសា ប៉ុន្តែត្រូវបានពន្យារពេល រហូតដល់ខែវិច្ឆិកា ដោយសារតែប្រទេសអេស្ប៉ាញបានបិទ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង សម្រាប់ឆ្នាំ២០២១ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា។
គួរជម្រាបថា ការលុបចោលព្រឹត្តិការណ៍ Madrid Marathon បានធ្វើឡើងក្រោយមួយសប្តាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ Madrid Open ដែលគ្រោងនឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកញ្ញា ត្រូវបានលុបចោល៕