(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាអគ្គហិរញ្ញិកនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានលើកឡើងថា ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយនៅឆ្នាំ២០២៣ ប្រទេសកម្ពុជាយើង នឹងទទួលធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដូចនេះការលើកស្ទួយវិស័យកីឡា គឺជារឿងចាំបាច់ ព្រោះថាវិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគ ទាំង៥ នៃវិស័យអប់រំ សំដៅកសាងកាយសប្បទារឹងមាំ មានសុខភាពល្អ ពនឿនការសិក្សា ឱ្យមាននិរន្តរភាព ជាពិសេសប្រភេទកីឡាប៊ូល ប៉េតង់កម្ពុជា មានភាពលេចធ្លោ ហើយងាយនឹងរកបាននូវមេដាយមាសជូនប្រទេសជាតិ។

លោកថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាប៊ូល ប៉េតង់ដណ្តើមពានរង្វាន់ យុវជន យុវនារី ជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២០ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់មន្ត្រីដឹកនាំ មន្ទីរនានាជុំវិញខេត្ត សូមចូលរួមចំណែកបំផុសចលនាកីឡា ឱ្យបានទូលំទូលាយ ជាពិសេសសកម្មភាព អប់រំកាយ និងកីឡា នៅក្នុងម៉ោង និងក្រៅម៉ោងសិក្សា ព្រោះកីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ ហើយកីឡានាំឱ្យ មានវិន័យនាំឱ្យមានសណ្តាប់ធ្នាប់ មានសេចក្តីថ្លៃថ្នូរ និងនាំឱ្យមានកិត្តិយស។
«ប្រការទាំងនេះហើយ ដែលនាំឱ្យក្មួយៗទាំងអស់គ្នា អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅថ្ងៃអនាគត»។ លោក ណុប ដារ៉ា បញ្ជាក់បែបនេះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល-ប៉េតង់ ដណ្តើមពានរង្វាន់យុវជន-យុវនារី ជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២០ មានកីឡាករ កីឡាការនី ចូលរួមចំនួន ២៨ក្រុម ក្នុងមានក្រុមយុវជន ១៤ក្រុម និងក្រុមយុវនារីចំនួន ១៤ក្រុម។

ក្រោយពីបានប្រកួតយ៉ាងស្វិតស្វាញរួចមក ក៏បានរកឃើញជ័យលាភី ដោយក្រុមយុវជន លេ១ បានទៅលើ វិទ្យាល័យ ស ខេង កន្ទឺ២ (ក), លេខ២ បានទៅលើ វិទ្យាល័យនេតយ៉ង់ (គ), លេខ៣ បានទៅលើ វិទ្យាល័យនេតយ៉ង់ (ក) និងលេ៤ បានទៅ វិទ្យាល័យស ខេង កន្ទឺ២ (២)។

ដោយឡែកចំពោះ ក្រុមយវនារី លេខ១ បានទៅលើ ឥន្រ្ទីអប់រំស្រុកថ្មគោល (ខ), លេខ២ បានទៅលើ ស្រុកសំឡូត, លេខ៣ បានទៅលើ វិទ្យាល័យនេតយ៉ង់ (ក) និងលេខ៤ បានទៅលើវិទ្យាល័យ ព្រះមុនីវង្ស (ក)៕