(ចិន)៖ ព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់ Asian Beach Games លើកទី៦ ឆ្នាំ២០២០ ដែលគម្រោងការណ៍ដំបូងគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ក្នុងទីក្រុង Sanya កោះ Hainan ប្រទេសចិននោះ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២១វិញ, នេះបើយោងតាមការប្រកាសពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

ក្រុមប្រឹក្សា OCA បានឲ្យដឹងដែរថា ឈ្មោះព្រឹត្តិការណ៍ «6th Asian Beach Games Sanya 2020» និងរូបសញ្ញានៃព្រឹត្តិការណ៍នេះ គឺនឹងនៅរក្សាដដែល មិនមានការផ្លាស់ប្តូរនោះទេ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាជាច្រើន នៅជុំវិញពិភពលោក បានប្រកាសលុបចោល ឬក៏ពន្យារពេល ទៅធ្វើឡើងនៅពេលក្រោយជាបន្តបន្ទាប់ ដោយសារតែការរីករាលដាល នៃវីរ៉ុសឆ្លង COVID-19៕