(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ បាននឹងកំពុងបង្ហាញភាពលេចធ្លោរកាន់តែខ្លាំង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០ ពិសេស ២ប្រកួតចុងក្រោយ ដែលរូបគេធ្វើបាន Hat-Trick (៣គ្រាប់) ជាប់ៗគ្នា ដើម្បីវ៉ារាមច្បង ២រូបក្នុងតារាងកីឡាករក្នុងស្រុកស៊ុតបញ្ចូលទីច្រើនជាងគេ(Top-Scorers) គឺកីឡាករ រ៉ឹង ប៊ុនហៀង និង កែវ សុខផេង របស់ក្លិបវិសាខា។

ការធ្វើបានសម្រេច ៣គ្រាប់ម្នាក់ឯង ក្នុងចំណោម ២ប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធរហស្សនាម Messi នេះ ស្របពេលក្រុមបឹងកេត បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដែលជាក្រុមចាស់របស់ខ្លួន ដោយលទ្ធផល ៤-២ ក្នុងសប្ដាហ៍ទី១០ និងបន្ដយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៦-១ ក្នុងសប្ដាហ៍ទី១១ កាលពីចុងសប្ដាហ៍កន្លងទៅ។

តាមរយៈការធ្វើបាន Hat-Trick ផ្ទួនៗនេះ បានធ្វើឲ្យ ម៉ាត់ នូរុណ ហក់ទៅឈរកំពូលតារាងកីឡាករក្នុងស្រុកស៊ុតបញ្ចូលទីច្រើនជាងគេ ដោយរកបាន ១០គ្រាប់ តាមពីក្រោយដោយរាមច្បង រ៉ឹង ប៊ុនហៀង និង កែវ សុខផេង សមាជិកក្រុមវិសាខា ដែលទើបរកបាន ៨គ្រាប់ស្មើគ្នា ។ រីឯមិត្តរួមក្រុម សៀង ចន្ធា ក៏រកបាន ៦គ្រាប់តាមពីក្រោយដែរ៕