(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសតែងតាំងអតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន PayPal លោក Stephane Kasriel ឱ្យដឹកនាំក្រុមការងារ Facebook Pay ដែលជាមុខងារទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញថ្មីរបស់ Facebook ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់លោក David Marcus សហស្ថាបនិក Libra ដែលជាកម្មវិធីទូទាត់សាច់ប្រាក់តាម
អនឡាញរបស់ Facebook បានឱ្យដឹងថា បណ្ដាញសង្គមយក្ស Facebook នឹងបង្កើតក្រុមការងារថ្មីមួយ ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងបង្កើត សមិទ្ធផលថ្មីសម្រាប់ Facebook ដោយក្នុងនោះមាន Facebook Pay, WhatsApp Payment ជាដើម។

នៅក្នុងន័យនេះ គឺ Facebook នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការផ្ទេរប្រាក់ទៅវិញ ទៅមកបាន ខណៈដែលនៅពេលនេះ កម្មវិធី WhatsApp កំពុងសាកល្បងមុខងារផ្ទេរប្រាក់នៅក្នុងប្រទេសប្រេស៊ីល។

គួរបញ្ជាក់ផងដែរថា លោក Stephane Kasriel ក៏ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនការងារ Freelance ដ៏មានឈ្មោះល្បីគឺ Upwork Inc ហើយ ចំណែក Facebook វិញក៏ធ្លាប់បានប្រកាសបង្កើតរូបបិយប័ណ្ណអនឡាញ Libra ប៉ុន្តែត្រូវបរាជ័យ ដោយសារតែសម្ពាធជាច្រើន៕