(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូន Uber បានឱ្យដឹងថា ខ្លួនកំពុងរៀបចំសំណើថ្មីមួយដើម្បីរក្សានូវទំនាក់ទំនងល្អជាមួយបុគ្គលិក ដែលសំណើនោះមានឈ្មោះថា «gig» វាមានន័យថា បុគ្គលិក ឬកម្មករអាចមានសិទ្ធិធ្វើការជាលក្ខណៈឯករាជ្យនៅក្នុងមុខតំណែងណាមួយ ហើយពួកគេក៏ទទួលបានអត្ថប្រយោជន៍ដូចអ្នកដទៃផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Uber បានដាក់ចេញនូវសំណើថ្មី «គំរូថ្មីសម្រាប់ការងារវេទិកាឯករាជ្យ» ដែលមាន១៨ទំព័រ ហើយក៏សង្ឃឹមថា សំណើមួយនេះនឹងជួយសម្រួលការងារដល់បុគ្គលិក ដែលមានបំណង ចង់ធ្វើការងារជាលក្ខណៈឯករាជ្យ។

តាមការបញ្ជាក់ពី Uber សំណើ «gig» នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់បុគ្គលិកជា «អ្នកបើកបរ» មុនគេ ព្រោះពួកគាត់ត្រូវការពេលវេលាសម្រាប់គ្រួសារ និងពេលវេលារកប្រាក់ ដូច្នេះហើយពួកគាត់ចង់បានការងារជាលក្ខណៈឯករាជ្យច្រើនជាងក្នុងចំណោមផ្នែកផ្សេងៗ ហើយចំពោះអត្ថប្រយោជន៍នោះ ពួកគាត់ទទួលបានដូចគេដែរ ក្នុងនោះមានដូចជាសេវាថែទាំសុខភាពជាដើម។

លោក Dara Khosrowshahi នាយកប្រតិបត្តិ Uber បានថ្លែងថា បុគ្គលិកភាគច្រើនគឺចង់បានការងារបែបឯករាជ្យ តែយើងក៏មើលផងដែរថា ពួកគាត់ អាចធ្វើការងារជាលក្ខណៈឯករាជ្យបានដែរឬទេ ជាពិសេសគឺលទ្ធផលការងារ ហើយយើងក៏សប្បាយចិត្តផងដែរ ក្នុងការផ្ដល់ឱកាសការងារជាលក្ខណៈ ឯករាជ្យដល់ពួកគាត់ តែសំខាន់ការងារត្រូវមានប្រសិទ្ធភាព និងលទ្ធផល៕