(ភ្នំពេញ)៖ ស្របជាមួយភាពរីកចម្រើន និងកំណើននៃតម្រូវការពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ នៅក្នុងរាជធានីភ្នំពេញ ផ្សារទំនើបថៃហួត បានសម្ពោធទីតាំងថ្មីមួយទៀតជាសាខាទី៦ហើយ ក្រោយជោគជ័យយ៉ាងត្រចេះត្រចង់ និងបានឈរជើងយ៉ាងរឹងមាំ អស់រយៈពេល ២៦ឆ្នាំមកនេះ។

សាខាទី៦ស្ថិតនៅដីឡូតិ៍1337 ផ្លូវ1003 កែងផ្លូវ1966 ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទីតាំងធំទូលាយ ព្រមទាំងមានចំណតសម្រាប់ជាមធ្យោបាយងាយស្រួល ក្នុងការទទួលអតិថិជនតាមតម្រូវការ។

កន្លងមកនេះផ្សារទំនើបថៃហួត ត្រូវបានទទួលការគាំទ្រ និង ការទទួលស្គាល់គួរឲ្យកត់សម្គាល់ពីអតិថិជន ចាប់តាំងពីឆ្នាំ ១៩៩៤ រហូតមកដល់បច្ចុប្បន្ន ដោយយោងទៅលើកត្តាពិសេសមួយចំនួនដូចជា ទំនិញមាន គុណភាពខ្ពស់ តម្លៃសមរម្យ សេវាកម្មល្អ និង រួសរាយរាក់ទាក់។

ក្នុងថ្ងៃសម្ពោធហាង ដែលរៀបចំឡើងថ្មីៗនេះ លោកអគ្គនាយកក្រុមហ៊ុន ថៃហួត ពាណិជ្ជ បានថ្លែងថា លោកមានកិត្តិយស ដាក់ឲ្យបើកដំណើរការផ្សារ ថៃហួត សាខាទី៦ ព្រមទាំងហាងនំប៉័ង និង កាហ្វេ Dimanche នៅលើទឹកដីសែនសុខជាស្ថាពរ ដែលសមទ្ធិផលទាំងអស់នេះ ក៏បានមកពីការខិតខំប្រឹងប្រែង តស៊ូយ៉ាងមោះមុត ពីសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនទាំងមូល។

ដោយទ្បែក ហាងនំប៉័ង បានផ្គត់ផ្គង់ និងកំពុងផ្គត់ផ្គង់ផ្សារ ថៃ ហួត ទាំង៥សាខា ក្នុងរាជធានីភ្នំពេញ។ ឆ្លៀតឱកាសនេះ លោកអគ្គនាយក ក៏សូមថ្លែងនូវអំណរអរគុណ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលតែងតែគាំទ្រ និងកំពុងគាំទ្រ នូវរាល់ផលិតផល និងសេវាកម្មរបស់គាត់។ ជាពិសេសដោយសារមាន គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកបន្ថែមថា «ខ្ញុំតំណាងឲ្យ ក្រុមហ៊ុន ថៃ ហួត ទាំងមូលសូមថ្លែងនូវអំណរអរគុណ ដល់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាពដល់ប្រទេសទាំងមូល។ យើងខ្ញុំប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែង ក្នុងការពង្រឹងគុណភាពលើសេវាកម្មបម្រើអតិថិជន ក៏ដូចជាផ្តល់ជូនផលិតផល និងសម្ភារ ដែលមានគុណភាពល្អ និងតម្លៃសមរម្យជូនដល់អតិថិជនជាតិ និងអន្តរជាតិគ្រប់រូប»

ព័ត៌មានបន្ថែមលោកអ្នកអាចស្វែងរកលើទំព័រហ្វេសប៊ុក facebook.com/ThaiHuotMarket ៕