(ក្រុងឡុងដ៍)៖ ការឈ្នះពាន FA Cup ជាកម្លាំងចិត្តក្នុងការជំរុញឲ្យក្លិបកាំភ្លើងធំ Arsenal ត្រៀមចាយលុយធំ ដើម្បីទិញកីឡាករជើងស៊ុត ៣រូបក្នុងការរៀបចំប្រព័ន្ធលេងថ្មីក្រោមការបង្វឹកលោក Mikel Arteta។

តាមរយៈព័ត៌មានពីគេហទំព័រ The Sun បានចេញផ្សាយថា កីឡាករខ្សែបម្រើ-ប្រយុទ្ធ James Rodriguez, Philippe Coutinho និង Willian បានស្ថិតក្នុងរ៉ាដារបស់អ្នកចាត់ការទូទៅអេស្ប៉ាញ Arteta ក្នុងរដូវកាលដោះដូរកីឡាករបច្ចុប្បន្ន ដើម្បីត្រៀមប្រយុទ្ធសម្រាប់រដូវកាលថ្មី និងដណ្តើមតំណែង Top-4 នៅ Premier League ត្រឡប់មកវិញផងដែរ។

Arteta មានបំណងយកកីឡាករមកពីតំបន់អាមេរិកឡាទីនខាងលើនេះ ដើម្បីរៀបចំទម្រង់លេង ៤-៣-៣ ដោយមានពេលខ្លះដាក់កីឡាករដែលទើបផុតកិច្ចសន្យាពីតោខៀវ Willian ប្រយុទ្ធស្លាប ឬតំបន់បម្រើថែមទៀត គ្រាដែលកីឡាករប្រេស៊ីល Coutinho និងកូឡុំប៊ី Rodriguez ជាជំនួយដល់ Aubameyang និង Alexander Lacazette ជាដើម។

ថ្មីៗនេះ Arsenal បានព្យាយាមទាក់ទង Willian ដើម្បីមកលេងនៅ Emirates ដែលហ៊ានឲ្យថ្លៃពលកម្ម ១០ម៉ឺនផោន ក្នុង ១សប្តាហ៍ផងដែរ ប្រសិនបើបុរសវ័យ ៣២ឆ្នាំរូបនេះព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំមែននោះ និងបានកំពុងនិយាយជាមួយក្លិបអេស្ប៉ាញ FC Barcelona ជួយចេញថ្លៃនឿយហត់ដល់ Philippe Coutinho ក្នុងការខ្ចីជើងមកលេងនៅ Premier League វិញ គ្រាដែលបច្ចុប្បន្នបានកំពុងលេងឲ្យក្លិបអាល្លឺម៉ង់ Bayern Munich ជាលក្ខណៈខ្ចីជើងផងដែរ។

សម្រាប់ឯក James Rodriguez បានកំពុងតែអង្គុយកៅអីបម្រុងស្ទើរពេញ ១រដូវកាលដូច Gareth Bale ក្នុងក្លិប Real Madrid ដែលបានស្ថិតក្នុងបញ្ជីលក់ចេញរបស់ Zinedine Zidane ក្នុងរដូវក្តៅនេះដែរ៕