(បរទេស)៖ មន្រ្តីឧស្សាហកម្មភាពយន្តឥណ្ឌាម្នាក់បានប្រកាសថា តារាបូលីវូដដែលមានវ័យច្រើនជាង ៦៥ឆ្នាំនឹងត្រូវអនុញ្ញាតិឲ្យចូលសម្តែងភាពយន្តឡើងវិញ បន្ទាប់ពីតុលាការឥណ្ឌាចេញច្បាប់រឹងបន្តឹង នាពេលកន្លងទៅ ក្នុងការហាមឃាតមិនឲ្យមានការជួបជុំថតភាពយន្ត និងហាមឃាត់តារាវ័យចំណាស់ក្នុងការសម្តែងភាពយន្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

វិស័យឧស្សាហកម្មភាពយន្ត ដែលមានភាពល្បីល្បាញជាងគេរបស់ពិភពលោក បានប្រឈមនឹងភាពតានតឹងជាច្រើន ក្រោយវិបត្តិកូវីដ១៩ ជាពិសេសបន្ទាប់ពីមានការហាមឃាត់យ៉ាងតឹងរឹង មិនឲ្យជួបជុំថតភាពយន្ត និងហាមឃាតតារាវ័យចំណាស់ ដែលមានអាយុច្រើនជាង៦៥ឆ្នាំ មិនឲ្យចូលរួមសម្តែងចាប់តាំងពីខែមិថុនាមកម្ល៉េះ។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ន គ្រប់យ៉ាងហាក់បីដូចជាត្រឡប់មកស្ថានភាពដើមវិញ បន្ទាប់បានព្យាយាមប្រឈមស្ថានភាពដ៏លំបាកនេះជាច្រើនខែ។

ជាក់ស្តែង កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការទីក្រុង Mumbai បានចេញសេចក្តីសម្រេចថ្មីមួយ ក្នុងការត្រួសត្រាយផ្លូវសម្រាប់តារាវ័យចំណាស់ មានអាយុច្រើនជាង៦៥ឆ្នាំ ដោយអនុញ្ញាតិឲ្យចូលសម្តែងភាពយន្តឡើងវិញ ខណៈការ សម្រេចនេះ បន្ទាប់ពីតារាជើងចាស់ឥណ្ឌាដែលមានវ័យ ៧៧ឆ្នាំ គឺលោក Amitabh Bachchan ទើបជាសះស្បើយពីកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។

លោក Amil Nagrath មកពីសមាគមភាពយន្តឥណ្ឌា បាននិយាយថា «សិល្បៈ, ផលិតករ, អ្នកដឹកនាំសម្តែង និងអ្នកបច្ចេកទេសទាំងអស់មានវ័យច្រើនជាង៦៥ឆ្នាំ ដែលត្រូវបានហាមឃាតមិនឲ្យមានវត្តមានក្នុងវិស័យភាពយន្តនាពេលកន្លងទៅ នឹងត្រូវបានអនុញ្ញាតឲ្យចូលក្នុងវិស័យនេះវិញហើយ ដោយគ្មានការរារាំងអ្វីទៀតទេ»។

គួរជម្រាបថា ចេញច្បាប់ហាមឃាត់តារាជើងចាស់មានវ័យច្រើនជាង៦៥ មិនឲ្យថតភាពយន្ត នៅប្រទេសឥណ្ឌានាពេលកន្លងទៅ ត្រូវបានគេដឹងថា ទំនងជាដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ចំពោះសិល្បៈជើងចាស់ ព្រោះពួកគាត់ជាមនុស្សដែលងាយរង់គ្រោះបំផុត បើប្រៀបធៀបនឹងសិល្បករក្មេងៗ៕