(បរទេស)៖ ក្នុងប្រទេសប្រមាណជិត២០០ នៅលើពិភពលោក ក្រិចត្រូវមនុស្សភាគច្រើនចាត់ទុកជា ប្រទេសដែលមានអាកាសធាតុល្អ និង បរិយាកាសស្រស់បំព្រងជាងគេបង្អស់។

ក្នុងចំណោមមនុស្សប្រហែលជិត៨០ភាគរយ ដែលរស់នៅក្នុងប្រទេសអឺរ៉ុប ដែលមានទីតាំងនៅតំបន់បាល់កាន (Balkans) ជាប់សមុទ្រ មេឌីទែរ៉ាណេមួយនេះ សុទ្ធតែបាននិយាយថា អាកាសធាតុនៅប្រទេសក្រិច មានលក្ខណៈអំណោយផលល្អជាទីបំផុត ហើយសូម្បីតែ ភ្ញៀវទេសចរអន្តរជាតិ ក៏តែងស្ងើចសរសើរចំពោះអាកាសធាតុនៃប្រទេសនេះ មិនដាច់ពីមាត់ផងដែរ។

គួរជម្រាបថា ដោយសារតែស្ថិតទីតាំងភូមិសាស្រ្តដ៏ប្រសើរ ក្រិចត្រូវគេស្គាល់ថា ជាប្រទេសមានពន្លឺថ្ងៃរះចែងចាំង និងមានផ្ទៃមេឃស្រឡះល្អ សឹងតែពេញៗមួយឆ្នាំតែម្តង ដែលវាអំណោយផលសម្រាប់ការធ្វើសកម្មភាពកម្សាន្ត ក៏ដូចជាលំហែអារម្មណ៍ជាច្រើនភេទ ហើយកម្រនឹងមាន ឃើញភ្លៀងធ្លាក់ខ្លាំងណាស់។

យ៉ាងណាមិញ ក៏នៅមានប្រទេសមួយចំនួនទៀតដូចជា នូវែលសេឡង់ បារាំង អេស៉្បាញ សាយប្រឺស ម៉ាល់តា ប៉ាណាម៉ា និងប៉េរូ ជាដើម ដែលមានអាកាសធាតុល្អ មិនសូវជាចាញ់ក្រិចប៉ុន្មាននោះឡើយ៕