(កំពង់ឆ្នាំង)៖ អ្នកសិក្សានៅក្នុងប្រទេសកម្ពុជា ប្រាកដជាបានដឹងក៏ដូចជានៅចាំពីស្នាដៃអក្សរសិល្ប៍របស់អ្នកនិពន្ធលោក ឌឹក គាម និងលោក ឌឿ អំ គឺ «រឿងភូមិតិរច្ឆាន» ដែលឆ្លុះបញ្ចាំងពីស្នាកស្នាម ប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងអំឡុងឆ្នាំ១៩២៥។

លោក សាយ សន្យា ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវតាមឯកសារប្រវត្តិសាស្រ្តមួយចំនួន បានឲ្យដឹងថា នៅក្នុងហេតុការណ៍ដែលបានកើតឡើង នៅក្នុងភូមិក្រាំងលាវនាសម័យនោះ ក្រុមអ្នកភូមិបានផ្ទុះកំហឹងនាំគ្នារើបម្រះ ប្រឆាំងនឹងការជិះជាន់គាបសង្កត់ទារពន្ធដារ របស់ពួកអាណានិគមស្របពេលដែលប្រជាជនទាំងនោះ ស្ថិតនៅក្នុងភាពក្រីក្រគ្មានប្រាក់ សម្រាប់បង់ពន្ធដារ រស់នៅក្នុងជីវភាពលំបាកវេទនាខ្លាំងបំផុតនាសម័យនោះ។

បើតាមការដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ របស់អ្នកនិពន្ធពីសម័យដើម ដែលបានចងក្រងពីប្រវត្តិសាស្ត្រ ក៏ដូចជាការរៀបរាប់របស់ចាស់ៗ នៅក្នុងភូមិក្រាំងលាវដែលពួកគាត់បានចាំពីប្រវត្តិ សាស្រ្តខ្លះៗ ជាង៩០ឆ្នាំកន្លងទៅនេះ និងដោយមានការនិយាយតៗគ្នាពីអ្នកភូមិ បានរៀបរាប់ឲ្យដឹងថា ក្នុងអំឡុងទសវត្សរ៍ទី២០ ប្រទេសកម្ពុជាយើងរស់ក្រោមអាណានិគមនិយមបារាំង ហើយការរស់ក្រោមនឹមត្រួតត្រារបស់បរទេសនាសម័យកាលនោះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងរស់យ៉ាងវេទនាជាទីបំផុត ទាំងសិទ្ធិសេរីភាព ក៏ដូចជាជីវភាពរស់នៅ គឺលំបាកលំបិនក្រៃលែង រហូតដល់មានការរើបម្រះនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

ម្យ៉ាងការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែ ដែលធ្វើឱ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង រហូតមានប្រជារាស្រ្ត នៅស្រុកមុខកំពូលចំនួន៣០០០នាក់ បានធ្វើបាតុកម្មធ្វើញត្តិសុំឲ្យព្រះបាទស៉ីសុវត្ថិ ជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះទៀតផង។ នៅខេត្តកំពង់ឆ្នាំង ក៏ដូចជាខេត្តដទៃទៀតដែរ ប្រជារាស្រ្តមានជីវភាពលំបាកលំបិន ធ្វើឱ្យគ្រួសារមួយត្រូវព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសម័យនោះពួកបារាំងក៏បានបង្ខំប្រជារាស្រ្តខ្មែរ ឱ្យទៅច្បាំងជាមួយនឹងផាស៉ីសអាឡឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ ដែលបានកើតឡើងនាសម័យនោះ។

ក្នុងនោះផងដែរ ក៏មានព្រឹត្តិការណ៍មួយដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំក្រាំងលាវ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសចងចាំមិនភ្លេច នូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ គឺនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ មានព្រឹត្តិការណ៍មួយបានកើតឡើង នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កាលណោះនៅក្នុងភូមិក្រាំងលាវនេះ ត្រូវបានបារាំងចុះមកប្រមូលពន្ធពីប្រជាពលរដ្ឋ ដោយកាលណោះបារាំងបានបញ្ជាឲ្យលោកមេឃុំប្រមូលប្រជាពលរដ្ឋ នៅក្នុងឃុំគ្រាំងលាវ ឱ្យមកបង់ពន្ធនៅសាលាឃុំ ហើយត្រូវយកតែប្រុសៗឱ្យមកកាន់សាលាឃុំក្រាំងលាវ ដោយមិនអនុញ្ញាតឲ្យមនុស្សស្រីមកនោះទេ។ ពេលនោះអ្នកស្រុកទាំងអស់ បានមកដល់សាលាឃុំក្រាំងលាវ តែមិនមានប្រាក់គ្រប់ចំនួនបង់ពន្ធឲ្យពួកគេ ដែលគេតម្រូវឲ្យបង់ពន្ធ៥រៀល ក្នុងមួយគ្រួសារដូច្នេះប្រជាពលរដ្ឋទាំងអស់ ដែលគ្មានប្រាក់បង់ពន្ធចំនួន៥រៀល ឲ្យពួកទៅគេ គឺពួកគេមិនអនុញ្ញាតឲ្យទៅផ្ទះវិញ លុះត្រាតែមានប្រាក់គ្រប់ចំនួនបង់ឲ្យពួកគេទើបគេអនុញ្ញាតឲ្យទៅផ្ទះវិញបាន។

(សូមជំរាបថាបើតាមសៀវភៅប្រវត្តិសាស្ត្របានបញ្ជាក់ថា៥រៀលនាសម័យនោះ គឺស្ករមួយពាងតម្លៃតែមួយកាក់ប៉ុណ្ណោះ ដូច្នេះ៥រៀលស្មើនឹងស្ករ៥០ពាង តើប្រជាពលរដ្ឋត្រូវឡើងត្នោតប៉ុន្មានឆ្នាំទើបបានស្ក៥០ពាង ដើម្បីលក់យកប្រាក់៥រៀលទៅបង់ពន្ធឱ្យបារាំង)

អ្នកនិពន្ធក៏បានសរសេរបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥នាសម័យនោះ មានស្ត្រីម្នាក់ឈ្មោះនាងប៊ី រស់នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ។ បន្ទាប់ពីប្ដីរបស់គាត់ ត្រូវបានបារាំងចាប់វាយខ្នោះ ដោយសារតែមិនមានប្រាក់៥រៀលបង់ឲ្យគេ រូបគាត់ក៏បានដើរខ្ចីបុលអ្នកភូមិបានប្រាក់៥រៀល គ្រប់ចំនួនហើយនោះ ក៏បានយកទៅបង់ឱ្យក្រុមបារាំង ដែលមកទារពន្ធសាលាឃុំ ដើម្បីឱ្យគេដោះលែងប្ដីរបស់គាត់ តែនៅពេលដែលគាត់បានប្រាក់៥រៀលបង់ទៅឲ្យគេហើយនោះ ជនជាតិបារាំងនៅតែមិនព្រមដោះលែងប្ដីរបស់គាត់ ហើយបានប្រាប់គាត់ថា មិនដោះលែងទេលុះត្រាតែអ្នកទាំងអស់គ្នាយកប្រាក់មកបង់ពន្ធឲ្យពួកគេសិន ទើបគេព្រមដោះលែង។

ដោយមានការក្តៅក្រហាយមួម៉ៅចំពោះជនជាតិបារាំងរូបនោះ ដែលនិយាយបាតដៃខ្នងដៃ នាងប៊ីក៏បានក្រោកឈរឡើងតវ៉ា និងស្ដីបន្ទោសទៅឲ្យជនជាតិបារាំងរូបនោះ (បន្ទាប់ពីអ្នកបកប្រែបានបកប្រាប់ជនជាតិបារាំងរួចមក) ក៏ធ្វើឲ្យជនជាតិបារាំងខឹងសម្បាយ៉ាងខ្លាំងចំពោះនាងប៊ី និងបានបញ្ជាឲ្យអង្គរក្សជនជាតិខ្មែរម្នាក់ឈ្មោះ ថី ឡាច បាញ់ទៅលើនាងប៊ី តែនៅពេលឈ្មោះ ថី ឡាច លើកកំាភ្លើងបម្រុងបាញ់ទៅលើនាងប៊ី ក៏ត្រូវបានអ្នកស្រុកគៀសកាណុងកាំភ្លើងចេញ បណ្ដាលឲ្យគ្រាប់កាំភ្លើងផ្ទុះមួយគ្រាប់ឡើងលើ។ បន្ទាប់មកត្រូវបានប្រជាពលរដ្ឋដណ្តើមកាំភ្លើងបានពីឈ្មោះ ថីឡាច នោះ ហើយធ្វើការបាញ់ប្រហារទៅលើឈ្មោះថីឡាច វិញបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ដោយឡែកជនជាតិបារាំងឈ្មោះ រ៉េស៉ីដង់បារដេស ដែលបានមកប្រមូលពន្ធពីប្រជាពលរដ្ឋក្នុងឃុំក្រាំងលាវរូបនោះ ក៏ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយសម្លាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅទីនោះ។ ចំណែកឈ្មោះ សួន ដែលជាអ្នកបកប្រែពេលឃើញដូច្នេះ ក៏បានរត់ទៅពួនសម្ងំលើកុដលោកក្នុងវត្តក្រាំងលាវ ហើយត្រូវបានប្រជាពលរដ្ឋតាមទៅចាប់យកមកសម្លាប់ ឲ្យស្លាប់ជាមួយនឹងជនជាតិបារាំង នៅក្នុងសាលាឃុំគ្រាំងលាវ ក្នុងបរិវេណវត្តក្រាំងលាវនោះទាំងអស់គ្នា។ ចំណែកបោយម្នាក់ទៀត ដែលជាចុងភៅរបស់បារាំង ក៏បានរត់គេចខ្លួនត្រឡប់ទៅក្រុងកំពង់ឆ្នាំងវិញ ដោយសុវត្ថិភាព។

បើតាមការរៀបរាប់ពីលោកតាម្នាក់ឈ្មោះ សំ យ៉ុម បច្ចុប្បន្នលោកតាមានអាយុជាង៧០ឆ្នាំ អតីតជាគ្រូបង្រៀន។ លោកតារស់នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលលោកតាបានចាំពីប្រវត្តិខ្លះៗ ពាក់ព័ន្ធនឹងងករណីព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ បានរៀបរាប់ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិក្រាំងលាវ បាននាំគ្នាបះបោរសម្លាប់ជនជាតិបារាំង និងគូកនរបស់ពួកគេស្លាប់អស់៣នាក់រួចមក នៅថ្ងៃដដែលនោះផងដែរ អ្នកក្លាហានក្នុងភូមិក្រាំងលាវប្រមូលគ្នាបានជាង២០នាក់ បាននាំគ្នាធ្វើដំណើរដោយថ្មើរជើង ដើម្បីទៅវាយប្រហារពួកអាណានិគមនៅក្រុងកំពង់ឆ្នាំងជាបន្តទៀត ដែលទាំងអស់គ្នាមានអាវុធតែមួយដើម គឺអាវុធម៉ាក «មូស្តុង» ដែលអាវុធប្រភេទនេះបាញ់មួយគ្រាប់អាម៉េបញ្ចូលមួយគ្រាប់។

លុះពួកគេនាំគ្នាធ្វើដំណើរបានពាក់កណ្តាលផ្លូវ ត្រូវបានក្រុមអាណានិគមបារាំងពួនស្ទាក់បាញ់ នៅចំណុចភូមិត្រពាំងស្រែ បណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ក្នុងនោះមានឈ្មោះ នៅ ផងដែរ រីឯឈ្មោះ ជួន ត្រូវគេចាប់ខ្លួនយកមកដាក់គុកនៅកោះត្រឡាច ហើយប្រជាជនខ្លះរត់ខ្ចាត់ខ្ចាយបែកបាក់គ្នា រកកន្លែងលាក់ខ្លួនក្នុងព្រៃលាក់បាំងពីបារាំងរៀងៗខ្លួន។ ដោយមានការភ័យខ្លាចពួកបារាំងធ្វើបាប អ្នកស្រុកក្រាំងលាវទាំងអស់ ក៏បានរត់ចេញពីផ្ទះសម្បែងនាំគ្នាទៅលាក់ខ្លួនពួននៅក្នុងព្រៃភ្នំមួយដែលមានឈ្មោះថាភ្នំ «បាំងភ្នំ» ដែលភ្នំនេះមានចម្ងាយជាង ៤គីឡូម៉ែត្រពីភូមិគ្រាំងលាវ។

នៅក្នុងហេតុការណ៍ផ្ទុះនូវហិង្សាប្រឆាំងនឹងការគៀបសង្កត់ទាមទារសេរីភាពនាពេលនោះ ដែលបានបណ្តាលឲ្យជនជាតិបារាំងម្នាក់ ដែលជាតំណាងអាណានិគមបារាំងប្រចាំតំបន់ឈ្មោះ រ៉េស៉ីដង់បារដេស បានស្លាប់នៅក្នុងព្រឹត្តិការណ៍នោះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់កុង្សីសេនាបតីអាណានិគមបារាំង។ រហូតព្រះបាទស៉ីសុវត្ថិ បានចេញសេចក្តីប្រកាសមួយ ឲ្យប្ដូរឈ្មោះពីភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆានវិញរយៈពេលយ៉ាងតិច ១០ឆ្នាំ ព្រមទាំងឲ្យសាងសង់ចេតិយព្រះកែវមរកត និងតម្រូវឲ្យប្រជាពលរដ្ឋក្នុងភូមិក្រាំងលាវនិមន្តព្រះសង្ស១០០អង្គ ធ្វើបុណ្យនៅរៀងរាល់ថ្ងៃទី១៨ ខែមេសាជារៀងរាល់ឆ្នាំ។

បច្ចុប្បន្ននៅកន្លែងចេតិយរបស់បារដេស គេឃើញមានរូបសំណាកនារីម្នាក់ ដែលបានកសាងឡើងពីស៉ីម៉ងត៍ មានកាន់ដំបងនៅនឹងដៃលើកយារវ៉ៃទៅ ក្រោយឈរដោយភាពអង់អាចក្លាហានបំផុត នៅពីមុខរូបសំណង់ចេតិយសពរេស៉ីដង់បារដេស។ រូបសំណាកនេះហើយ គឺជារូបសំណាកយាយប៊ី ឬនាងប៊ី ដែលជាស្ត្រីក្លាហានដែលហ៊ានចេញមុខតវ៉ាដំបូងប្រឆាំង តទល់ទៅនឹងទង្វើរបស់រ៉េស៉ីដង់បារដេស ដែលធ្វើមកលើអ្នកភូមិនាសម័យនោះ។

ស្ត្រីឈ្មោះ នឿ ណូត អាយុ៥០ឆ្នាំ ដែលជាអ្នកភូមិក្រាំងលាវដែរនោះ ក៏បានប្រាប់ឲ្យដឹងដែរថា អ្នកស្រីបានដឹងពីរឿងរ៉ាវរប្រវត្តិរបស់យាយប៊ី ដោយសារចាស់ៗក្នុងភូមិបាននិយាយប្រាប់តៗគ្នា ហើយក្នុងនាមអ្នកស្រីជាអ្នកភូមិក្រាំងលាវ គឺមានមោទនភាពខ្លាំងណាស់ ពេលដែលភូមិរបស់អ្នកស្រីរស់នៅមាននារីក្លាហាន ដែលហ៊ានចេញមុខតស៊ូជាមួយបារាំងនាសម័យនោះ។ អ្នកស្រីបានបន្ថែមថា យាយប៊ីជាស្ត្រីគំរូដែលឲ្យស្ត្រីនៅក្នុងភូមិជំនាន់ក្រោយនេះយកគំរូតាម ដោយហ៊ានបញ្ចេញភាពក្លាហ៊ាន កុំឲ្យទន់ជ្រាយ និងហ៊ានរើបម្រះពីភាពអយុត្តិធម៌ផ្សេងៗ។

គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំង អស់រយៈពេលជិតមួយសតវត្ស គឺចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យ នៅឆ្នាំ១៩៥៣។ នៅក្នុងកំឡុងពេលនោះ បារាំងបានគាបសង្កត់ទារយកពន្ធពីប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកដី ហើយទង្វើបែបនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំ និងមានការឈឺចាប់ចំពោះការជិះជាន់ និងគាបសង្កត់ទារយកពន្ធនោះផងដែរ។

សូមបញ្ជាក់ថា ភូមិក្រាំងលាវស្ថិតនៅខាងលិចទីរួមខេត្ត ចម្ងាយ១៤គីឡូម៉ែត្រ។ ដំណើរតាមផ្លូវជាតិលេខ៥ ប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្ត មានផ្លូវបេតុងបត់ចូលព្រលានយន្តហោះខាងឆ្វេងដៃ រួចបន្តធ្វើដំណើរតាមផ្លូវបេតុងរហូតចម្ងាយ ៩គីឡូម៉ែត្រ មកដល់វត្តក្រាំងលាវតែម្ដង៕