(ដកម៉ាន់)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នាយកប្រតិបត្តិកីឡា លោក Michael Zorc បានលើកឡើងថា កីឡាករខ្សែបម្រើវ័យក្មេង Jadon Sancho នឹងបន្តលេងក្លិបអាល្លឺម៉ង់ Borussia Dortmund ទៀតនៅរដូវកាលក្រោយ បន្ទាប់ពីក្រុម Manchester United មិនបានបង្ហាញកិច្ចព្រមព្រៀងថ្មី។

ក្នុងរយៈពេលដែល Dortmund ទុកឲ្យ Man Utd ពិចារណាលើកិច្ចព្រមព្រៀងថ្មីនោះត្រូវបានផុតកំណត់ ចំពោះការព្យាយាមទិញយកខ្សែបម្រើវ័យ ២០ឆ្នាំ សញ្ជាតិអង់គ្លេសខាងលើនេះ ដោយក្នុងនោះលោក Zorc បានលើកឡើងថា «យើងមានគម្រោងទុក Sancho រហូតដល់រដូវកាលក្រោយទៀត ស្របពេលកិច្ចសន្យាថ្មីមានសុពលភាពដល់ឆ្នាំ២០២៣ ឯណោះ»

គួររំលឹកផងថា Sancho ត្រូវបាន Dortmund នាំយកពីក្លិប Manchester City ក្នុងតម្លៃត្រឹមតែ ១០លានផោនប៉ុណ្ណោះកាលឆ្នាំ២០១៧ ខណៈតម្លៃបច្ចុប្បន្នឡើងរហូតដល់ ១០០លានផោន ស្មើនឹង ១៣០លានដុល្លារនៅពេលដែលក្រុមបិសាចក្រហមចូលពិភាក្សាទិញយកកាន់ទឹកដីអង់គ្លេសវិញ៕