(ក្រុងម៉ូនិច)៖ ១គ្រាប់ប៉េណាល់ទីបានសម្រេចរបស់កីឡាករខ្សែបម្រើ-ប្រយុទ្ធ Bruno Fernandes នៅនាទីទី៩៥ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង ក្នុងការយកឈ្នះក្រុមរបស់ដាណឺម៉ាក ១-០ គឺគ្រប់គ្រាន់ដើម្បីជួយ Manchester United ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Europa League ជាបន្តទៀត។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា នេះជាកំណត់ត្រាប៉េណាល់ទីឈ្នះលើកទី២១ របស់ក្លិបអង់គ្លេស បិសាចក្រហម Manchester United នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ ដែលធ្វើបានល្អជាងគេ បើប្រៀបធៀបក្លិបទាំង៥លីគធំៗនៅទ្វីបអឺរ៉ុប។

កីឡាករខ្សែការពារ FC Copenhagen បានធ្វើឲ្យខ្សែបម្រើពាក់លេខ៦ Paul Pogba ដួលក្នុងប្រអប់គ្រោះថ្នាក់ ដែលនាំឲ្យមានបាល់ពិន័យ ១១ម៉ែត្រកើតមានឡើងក្នុងវគ្គ ៨ក្រុមចុងក្រោយនាកីឡដ្ឋាន Stadion Koln នារាត្រីថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

Man Utd ដែលធ្លាប់ឡើងមកដល់វគ្គ ៤ក្រុមចុងក្រោយនៃ Europa League ៤សម័យ និងឈ្នះជើងឯកម្តងកាលឆ្នាំ២០១៧ ផងនោះ ត្រូវរង់ចាំរវាងក្រុមឈ្នះ Wolverhamton Wanderers ឬ Sevilla ដែលត្រូវប្រកួតគ្នារាត្រីនេះ មុនឈានដល់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុង Dusseldorf ប្រទេសអាល្លឹម៉ង់ នារាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ៕