(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដែលជាជើងឯក Premier League រដូវកាលនេះបានសម្រេចការទិញយកខ្សែការពារវ័យក្មេង Kostas Tsimikas ពីក្លិប Olympiakos របស់ក្រិកក្នុងតម្លៃប្រមាណ ១១.៧លានផោន ស្មើនឹងប្រមាណ ១៥.៣លានដុល្លារ ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំនាកីឡដ្ឋាន Anfield។ នេះបើតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២០។

ខ្សែការពារវ័យ ២៤ឆ្នាំ Kostas សញ្ជាតិក្រិក នឹងពាក់អាវលេខ២១ នៅ Liverpool ដែលរូបគេបានចាប់ផ្តើមអាជីពបាល់ទាត់កាលឆ្នាំ២០១០ ខណៈការផ្ទេរមកកាន់ទឹកដីអង់គ្លេស ក៏ជាផ្នែកមួយនៃការប្រកួតប្រជែងតំណែងជម្រើស ១១នាក់ដំបូងជាមួយកីឡាករ Andy Robertson ក្នុងនាមជាខ្សែការពារស្លាបឆ្វេងដូចគ្នា។

Kostas បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ និងមានមោទនភាពមែនទែន ដែលបានមកកាន់ទីនេះ។ វាជាកិត្តិយសបំផុតសម្រាប់ខ្ញុំ ដើម្បីបញ្ចេញឲ្យអស់ពីសមត្ថភាព ព្រោះថា Liverpool ជាក្លិបដ៏អស្ចារ្យមួយក្នុងលោក»

កន្លងមក អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Jurgen klopp បានចាប់អារម្មណ៍ចំពោះ Kostas នៅពេលរូបគេបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូលអឺរ៉ុប Champions League ក្នុងវគ្គចែកពូល និងការប្រកួតជាមួយក្រុម Arsenal និង Wolves នៃពាន Europa League នារដូវកាលនេះផងដែរ៕