(បរទេស)៖ គណៈកម្មការល្បីឈ្មោះ ក្នុងកម្មវិធីលំដាប់ពិភពលោក Simon Cowell ត្រូវបានគេដឹងថា កំពុងព្យាបាលរបួស បន្ទាប់ពីលោកបានធ្លាក់ពីលើកង់អេឡិចត្រូនិក ខណៈហេតុការណ៍នេះនឹងធ្វើឲ្យលោកខកខាន ធ្វើជាគណៈកម្មការក្នុងសប្តាហ៍ដំបូងនៃកម្មវិធី «America’s Got Talent» សម្រាប់រដូវកាលថ្មី។ យ៉ាងណាមិញ ពេលនេះកំពូលតារាចម្រៀង Kelly Clarkson បានប្រកាសថាខ្លួននឹងងមកជំនួសកៅអី Simon Cowell ក្នុងនាមគណៈកម្មការកិត្តិយស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

តារាស្រីវ័យ ៣៨ឆ្នាំ Kelly Clarkson បានបង្ហោះសារលើបណ្តាញសង្គមថា នៅថ្ងៃច័ន្ទសប្តាហ៍នេះថា នាងនឹងធ្វើជាគណៈកម្មការបណ្តោះអាសន្នជំនួស Simon Cewell បើទោះបីជាពេលនេះ លោកធូរស្បើយពីរបួស ប៉ុន្តែស្ថិតក្នុងការមើលថែនៅឡើយ ដូច្នេះលោកនឹងមិនបានចូលរួមក្នុងកម្មវិធី «America’s Got Talent» សម្រាប់សប្តាហ៍ដំបូង ក្នុងរដូវកាលថ្មីទេ ខណៈកម្មវិធីនេះ នឹងធ្វើការផ្សាយនៅថ្ងៃអង្គារ៍និងថ្ងៃពុធ វេលាម៉ោង ៨យប់ (ម៉ោងនៅអាមេរិក) ចេញពីទូរទស្សន៍ NBC។

គួរជម្រាបថា គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើនដូចជា កម្មវិធី «Britain's Got Talent», កម្មវិធី «The X Factor» និងកម្មវិធី​ «American Idol» លោក Simon Cowell ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីធ្លាក់ពីលើកង់អេឡិចត្រូនិក ដែលលោកទើបនឹងទិញ អំឡុងពេលដែលលោកជិះសាកល្បង ស្ថិតនៅរដ្ឋអាលីហ្វ័រញ៉ា៕