(ភ្នំពេញ)៖ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុត នៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេសកម្ពុជា ដោយភាគីទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីចែករំលែកនូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡាដ៏សម្បូរបែបជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា។

អតិថិជនសែលកាត និងអ្នកគាំទ្រសិល្បៈក្បាច់គុនចំរុះរបស់ ONE នឹងត្រូវបានកំសាន្តជាមួយនឹងមាតិកាព័ត៌មានក្នុងស្រុក ព័ត៌មានវីដេអូខ្លីៗ ព័ត៌មានទូទៅ និងព្រឹត្តិការណ៍កីឡាសំខាន់ៗ ក៏ដូចជាបទអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍កីឡាផ្សេងៗជាច្រើនទៀតផងដែរ តាមរយៈការប្រើប្រាស់បណ្តាញទូរស័ព្ទ មានល្បឿនលឿន ជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនអតិថិជនរបស់ខ្លួន នូវកញ្ចប់ទិន្នន័យផ្តាច់មុខ ដើម្បីផ្តល់ភាពងាយស្រួល និងមានតំលៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ក្នុងការទទួលបាននូវមាតិកាឌីជីថលរបស់ ONE គ្រប់ពេល និងគ្រប់ទីកន្លែង។

ក្នុងនាមជាដៃគូផ្លូវការរបស់ ONE នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត នឹងនាំយកស៊េរីខ្នាតតូចរបស់ ONE Warrior Series ទៅកាន់អតិថិជនរបស់ខ្លួន និងវិនិយោគកម្មវិធីទូតសុឆន្ទៈអត្តពលកម្ម (Athlete Ambassador Programme) តាមរយៈការអភិវឌ្ឍមូលដ្ឋាន និងភាពជាដៃគូជាមួយមូលដ្ឋានសិល្បៈក្បាច់គុន នៅក្នុងប្រទេស។

លោក Hua Fung Teh នាយកប្រធានក្រុម ONE Championship បានឲ្យដឹងថា «ខ្ញុំមានសេចក្តីសោមនស្ស និងសូមជម្រាបជូនថា យើងបានចុះហត្ថលេខា លើកិច្ចសហការជាដៃគូយូរអង្វែងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ ONE Championship និងសែលកាត នឹងធ្វើការចែករំលែកនូវប្រវត្តិ ក៏ដូចជារឿងរ៉ាវជុំវិញសិល្បៈក្បាច់គុន របស់វីរបុរសខ្មែរ ជូនដល់បងប្អូននៅទូទាំងប្រទេស ឲ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមជួយជំរុញទឹកចិត្តបងប្អូនខ្មែរ ឲ្យបន្តក្តីស្រមៃ សម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យនៅក្នុងជីវិត»

លោកបន្ដថា «ជាងនេះទៀត អ្នកគាំទ្រខ្មែរ គឺជាអ្នកគាំទ្រដ៏អស្ចារ្យ និងមានទឹកចិត្តមុះមុតបំផុត ហើយខ្ញុំក៏មានអារម្មណ៍រំភើបក្រៃលែងជាខ្លាំងផងដែរ ដែលមានឱកាសអាចនាំពួកគាត់ ឲ្យបានជួបស្គាល់ជាមួយជើងឯកល្បីៗរបស់ ONE Championship»

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា «សែលកាត តែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចងភ្ជាប់ និងបង្កើនទំនាក់ទំនងជិតស្និទ្ធ ជាមួយអតិថិជន និងបង្កើតអតិថិជនប្រមូលផ្តុំ នៅតាមបណ្តាគ្រប់ខេត្តក្រុងទាំងអស់។ កម្ពុជា គឺជាប្រទេសមួយ ដែលនិយមវិស័យ កីឡាបំផុត ហើយជាពិសេសនោះ គឺកីឡាបែបចំបាប់តែម្តង។ ក្នុងនោះ យើងក៏ឃើញមានកីឡាករក្នុងស្រុក ដែលមានថ្វីដៃល្អៗជាច្រើនរូប ដែលមានសមត្ថភាពទាក់ទាញ អ្នកគាំទ្របានយ៉ាងច្រើនលើសលប់ផងដែរ»

លោកបន្ដថា «តាមរយៈកិច្ចសហការជាដៃគូរបស់យើងជាមួយ ONE Championship យើងនឹងអាចជួយលើកស្ទួយក្រុមកីឡាករខ្មែរយើង ក៏ដូចជាចែករំលែក នូវរឿងរ៉ាវរបស់ពួកគាត់ ដើម្បីជម្រុញទឹកចិត្តដល់អ្នកចង់ហាត់រៀនក្បាច់គុនដទៃទៀត។ ក្នុងនាមជាប្រតិបត្តិករដែលជាមោទនភាពរបស់ជាតិខ្មែរ យើងប្តេជ្ញា នឹងពាំនាំនូវព័ត៌មានដែលមានខ្លឹមសារល្អៗ ជូនដល់បងប្អូនពលរដ្ឋខ្មែរ និងបង្កើតថ្នាលឌីជីថលដើម្បីចែករំលែកព័ត៌មានល្អៗទាំងនេះ នៅទូទាំងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅជុំវិញពិភពលោក»

លោកថា «យើងពិតជារីករាយឥតឧបមាដែលបានចូលរួមសហការជាមួយ ONE Championship ដើម្បីសម្រេចកិច្ចការនេះឡើង ក៏ដូចជាពាំនាំនូវកម្មវិធីធំៗបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ មួយភាគធំនៃប្រវត្ដិសាស្ដ្រខ្មែរ គឺផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ មានវ័យចំណាស់ជាងគេបំផុតមួយ នៅលើពិភពលោក។ ក្រុមកីឡាករខ្មែរឆ្នើមៗរបស់ ONE Championship ក៏នឹងចូលរួមជួយផ្សព្វផ្សាយកីឡាបុរាណនេះ ឲ្យបានកាន់តែទូលំទូលាយផងដែរ»

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាទូតសុឆន្ទៈថ្មី របស់ក្រុមហ៊ុនសែលកាតផងនោះ នឹងអញ្ជើញមកចែករំលែកនូវដំណើរជីវិត និងប្រវត្តិនៃការហាត់រៀនគុនខ្មែររបស់គាត់ ដើម្បីជួយជំរុញទឹកចិត្តយុវជនខ្មែរ ឲ្យមានកម្លាំងចិត្តឈោងចាប់ក្តីសុបិន្តរបស់ពួកគេ ក៏ដូចជាផ្តល់ការណែនាំ ឲ្យពួកគេទទួលបាននូវប្រភពព័ត៌មានល្អៗ។

ទន្ទឹមនឹងនោះ សែលកាត ក៏នឹងសហការជាមួយលោក រតនា ដើម្បីជួយគាំទ្រដល់ពលរដ្ឋនៅក្នុងសហគមន៍ ឲ្យទទួលបាននូវការបណ្តុះបណ្តាលវិធីការពារខ្លួន និងការហាត់រៀនក្បាច់គុនដោយឥតគិតថ្លៃ នៅតាមបណ្តាក្លឹបហាត់ប្រាណដែលជាដៃគូរបស់ក្រុមហ៊ុនសែលកាត នៅទូទាំងប្រទេសកម្ពុជាផងដែរ។

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមម្នាក់របស់ ONE បានឲ្យដឹងថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសបានចូលរួម នៅក្នុងយុទ្ធនាការ នាំយកក្បាច់គុនចម្រុះ មកបង្ហាត់បង្ហាញនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាកីឡាករជើងឯកម្នាក់របស់ ONE Championship ខ្ញុំមានកាតព្វកិច្ចក្នុងការបង្ហាញជូន អ្នកគាំទ្រទាំងអស់ នៅក្នុងប្រទេសដែលជាទឹកដីកំណើតរបស់ខ្ញុំមួយនេះ នូវគុណតម្លៃពិតប្រាកដនៃការហាត់ក្បាច់គុន និងអំពីវិធីដែលយើងអាចកែប្រែជីវិតរបស់យើង ឲ្យកាន់តែប្រសើរ តាមរយៈការអនុវត្តទៅតាមគោលការណ៍នៃការហាត់ក្បាច់គុននេះ»

លោកថា «ការទទួលបានងារជាទូតសុឆន្ទៈផ្លូវការរបស់សែលកាត គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់រូបខ្ញុំ ហើយខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ដែលទទួលបានឱកាស ដើម្បីចែករំលែកនូវដំណើរជីវិតនៃការហាត់រៀនក្បាច់គុន និងវិធីការពារខ្លួនជូនដល់អ្នកគាំទ្រទាំងអស់នៅទូទាំងប្រទេសកម្ពុជា»