(លីស្បោន)៖ កីឡាករ Lionel Messi នឹងស្ថិតក្នុងជម្រេីស ១១នាក់ដំបូងរបស់លោក Quique Setien នៅថ្ងៃសុក្រសប្តាហ៍នេះសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយទល់នឹងក្រុមអាល្លឺម៉ង់ Bayern Munich ក្នុងក្របខណ្ឌ Champions League បន្ទាប់ពីកីឡាករអាហ្សង់ទីនរូបនេះបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមដោយមិនមានបញ្ហាអ្វីទេនៅថ្ងៃអង្គារម្សិលមិញ។
ប្រធានក្រុម Barcelona រូបនេះបានទទួលរងការទាត់យ៉ាងខ្លាំងពីខ្សែការពារកណ្តាលរបស់ក្លិប Napoli គឺ Kalidou Koulibaly ដែលធ្វើឲ្យរូបគេដេកនៅលើដីរយៈពេល ២-៣នាទីទៀតផង។ នេះបេីយោងតាមការចេញផ្សាយដោយ All Football នៅយប់ថ្ងៃអង្គារ ទី១១ ខែសីហា។
ទោះបីជាមានការសង្ស័យដំបូងអំពីថាតើ Messi អាចប្រឈមមុខនឹងក្រុម Bayern នៅពេលភ្លាមៗបន្ទាប់ពីមានកំហុសក៏ដោយ ក៏នៅចុងបញ្ចប់នៃការប្រកួតវាច្បាស់ណាស់ថាវាគ្រាន់តែជារបួសតិចតួចប៉ុណ្ណោះ ហើយវានឹងមានការភ្ញាក់ផ្អើលជាខ្លាំងមិនខាន ប្រសិនបើគេមិនអាចលេងបានក្នុងជំនួបដ៏សំខាន់នេះ។
ការពិត Messi បានហ្វឹកហាត់ជាធម្មតាជាមួយមិត្តរួមក្រុមកាលពីថ្ងៃអង្គារគឺជាភស្តុតាងដ៏ល្អបំផុតដែលគាត់បានជាសះស្បើយពីបញ្ហារបួសទាន់ពេលបែបនេះ។
កីឡាករវ័យ ៣៣ឆ្នាំ Messi ក៏បានទៅកន្លែងហ្វឹកហាត់របស់ក្រុម FC Barcelona កាលពីថ្ងៃចន្ទ ដើម្បីព្យាបាលរបួសកជើងរបស់គេដែរ៕