(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៤ នឹងដំណើរការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយសម្រាប់ពានថ្នាក់ជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះហើយ ដោយមាន៥គូ ខណៈថ្ងៃបន្ទាប់ នឹងមានការប្រកួតជើងទី១ ចំនួន ៣គូផ្សេងទៀត។
ចំពោះកម្មវិធីប្រកួតថ្ងៃពុធនេះ រួមមានក្រុមកងយោធពលខេមរភូមិន្ទ ប៉ះខេត្តកែប នៅកីឡដ្ឋានស្ដាតចាស់, គិរីវង់សុខសែនជ័យ បើកទ្វារផ្ទះទទួលក្រុមនគរបាលជាតិ និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមជើងឯកពានថ្នាក់ខេត្ត ខេត្តព្រៃវែង នៅកីឡដ្ឋាន SRU នាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។
រីឯ ២គូទៀត សុទ្ធសឹងជាគូជក់ចិត្ត គឺក្រុមណាហ្គាវើលដ៏ ជួបក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមអាស៊ីអឺរ៉ុបយូណាយធីត នាវេលាម៉ោង ៦ល្ងាចដូចគ្នានៅកីឡដ្ឋាន RSN។
ដោយឡែក ៣គូ នាថ្ងៃទី១៣ ខែសីហា គឺក្រុមការពារជើងឯកបឹងកេត ប៉ះក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ខណៈក្រុមខ្លាំងវិសាខា ជួបក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ នាម៉ោង៣៖៣០នាទីរសៀលដូចគ្នា។ ឯក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវសូលទីឡូអង្គរ នាម៉ោង ៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើង ២ជើង ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងវគ្គបន្ដ គ្រាដែលការប្រកួតជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២០ខាងមុខ៕