(អាមេរិក)៖ សមាជិកប្រជាធិបតេយ្យចំនួន ៣រូបនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅថ្ងៃអង្គារទី១១ ខែសីហា ឆ្នាំ២០២០ បានជំរុញឱ្យ ក្រុមហ៊ុន Facebook អនុម័តគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន ដោយផ្តល់អំណាចដល់ក្រុមទីប្រឹក្សាឯករាជ្យ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Facebook ត្រូវបានបង្កើតឡើងកាលពីថ្មីៗនេះ មានសិទ្ធិអំណាចក្នុងការបដិសេធសេចក្តីសំរេចរបស់ក្រុមហ៊ុន និង នាយកប្រតិបត្តិ លោក Mark Zuckerberg ពាក់ព័ន្ធទៅនឹងការកំណត់ច្បាប់ ឬការសេចក្ដីប្រកាសផ្សេងៗ ជាពិសេសគឺមានសិទ្ធិអំណាច ក្នុងការត្រួតពិនិត្យទៅលើមាតិកា ដែលមាននៅក្នុងបណ្ដាញសង្គម Facebook និង Instagram ។ ក្រុមប្រឹក្សាឯករាជ្យមួយនេះ ផ្តោតសំខាន់ លើ បញ្ហាតូចតាចមួយចំនួនទៀតផងដែរ រួមមានពាក្យរិះគន់ «ស្អប់, យាយី និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់»។
«យើងមានការព្រួយបារម្ភថា ក្រុមប្រឹក្សាភិបាលរបស់ Facebook និងសមាជិករបស់ខ្លួន អាចនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ពង្រឹង អំណាច ដើម្បីកែលម្អឥរិយាបទដែលមិនគួរឱ្យជឿរបស់ក្រុមហ៊ុន»។ នេះជាសេចក្ដីបញ្ជាក់មួយនៅក្នុងលិខិតរួមរបស់លោក Frank Pallone ប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្ម, លោក Mike Doyle ប្រធានអនុគណៈកម្មាធិការទំនាក់ទំនង និងបច្ចេកវិទ្យា និងលោក Jan Schakowsky អនុគណៈកម្មាធិការ ការពារអតិថិជន និងពាណិជ្ជកម្ម។
សមាជិកប្រជាធិបតេយ្យចំនួន ៣រូបនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Facebook អាចនឹងបំពេញ ភារកិច្ចមិនបានល្អ ដោយសារតែពួកគេមានអារម្មណ៍ខ្លាចរអានឹងឥទ្ធិពលរបស់លោក Mark Zuckerberg ហើយបើសិនជាបែបនេះមែន នោះ វានឹង ធ្វើ ឱ្យ ក្រុមហ៊ុន Facebook ឬ លោក Mark Zuckerberg ធ្វើអ្វីតាមតែចិត្ត៕