(ភ្នំពេញ)៖ «កីឡារស់ក្នុងសន្ដិភាព ឬ SPORTS LIVE IN PEACE» គឺជាបាវចនា ឬពាក្យស្លោក ដែលកម្ពុជាបានកំណត់ប្រើប្រាស់ផ្លូវការនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ បាវចនានេះត្រូវបានសម្រេចចុងក្រោយដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាមួយការកំណត់បាវចនាខាងលើ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្កេម ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់នូវអត្ថន័យដ៏ស៊ីជម្រៅក្នុងគុណប្រយោជន៍នៃសន្ដិភាព មានសន្ដិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ។
អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានសង្កត់ធ្ងន់ថា «យ៉ាងណាមិញ SEA Games លើកទី៣២ ឆ្នាំ២០២៣ កើតមានបាន ដោយសារកម្ពុជាមានសន្ដិភាព ជាកត្ដាសន្យានុម័ត បើគ្មានសន្ដិភាព គ្មានអ្វីៗទាំងអស់ បើគ្មានសន្ដិភាព គ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិរៀបចំការប្រកួតកីឡា បើគ្មានសន្ដិភាព គ្មានការអភិវឌ្ឍ គ្មាន SEA Games នៅកម្ពុជាឡើយ»។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ តែបើគិតត្រឹមថ្ងៃទី១២ ខែសីហានេះ កម្ពុជាសល់ពេលត្រៀមខ្លួនធ្វើម្ចាស់ផ្ទះតែ ៩៩៥ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះលោកបណ្ឌិត ថោង ខុន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពួតដៃគ្នាផ្សព្វផ្សាយ អភិវឌ្ឍន៍ និងត្រៀមខ្លួនរួចរាល់ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា៕