(បរទេស)៖ ទោះជាវិបត្តិកូវីដ១៩ បានធ្វើឲ្យជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសិល្បៈ ក្នុងនោះខ្សែភាពយន្តជាច្រើនមិនត្រូវបានចាក់បញ្ចាំង ដោយសារតែរោងភាពយន្តផ្អាកដំណើរការក្ដី ​យ៉ាងណាមិញ នៅតែមានសិល្បករមួយចំនួន អាចរកចំណូលបានច្រើនជាងគេក្នុងស្ថានភាពនេះ ខណៈកំពូលតារាសម្តែង Dwayne Johnson ហៅ «The Rock» ថ្មីៗនេះត្រូវបានរាយការណ៍ថា បានជាប់ឈ្មោះជាតារាប្រុស រកចំណូលបានច្រើនបំផុតលើពិភពលោក​។

តាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹថា កំពូលតារាសម្តែងក្នុងរឿង «Fast and Furious»Dwayne Johnson ហៅ «The Rock» រកចំណូលបានរហូតដល់ទៅ ៨៧.៥លានដុល្លារក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ ក្នុងនោះគ្រាន់តែសម្តែងក្នុងភាពយន្តមួយរបស់ Netflix ដែលមានចំណងជើងថា «Red Notice» គឺលោកមានតម្លៃខ្លួនរហូតដល់ទៅ ២៣.៥លានដុល្លារឯណោះ។

គួរជម្រាបថា The Rock ត្រូវបានគេចាត់ទុកថា ជាកំពូលតារាសម្តែងដែលមានភាពជោគជ័យមួយរូប ក្នុងវិស័យហូលីវូដ ដែលរកចំណូលបានច្រើនជាងគេ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០នេះ។ លោកចាប់ផ្តើមអាជីពជាតារាសម្តែង ជាលើកដំបូងក្នុងឆ្នាំ១៩៩៩ តាមរយៈការលេងបោកចំបាប់នៅលើកញ្ចក់ទូរទស្សន៍៕