(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខេត្តព្រៃវែង បានធ្វើឲ្យអ្នកគាំទ្រក្រុមអង្គរថាយហ្គឺរ ខកចិត្តជាខ្លាំង ក្រោយយកឈ្នះយ៉ាងចាស់ដៃ ៣-២ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ថ្នាក់ជាតិ ឆ្នាំ២០២០ នាល្ងាចថ្ងៃទី១២ ខែសីហានេះ នៅកីឡដ្ឋាន SRU ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) បានលត់ក្រុមជម្រើសខេត្តកែប ១០-២។

ក្នុងនាមក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រុមព្រៃវែង ធ្វើបានយ៉ាងល្អ ក្នុងជំនួបក្រៅដីនេះ ដោយវគ្គទី១ ពួកគេបានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាករ សន សុវត្ថិ, គី រីណា និង វុធ តុលា ។ លុះចូលវគ្គទី២ អង្គរថាយហ្គឺរ បានព្យាយាមវាយបករហូតរកបាន ២គ្រាប់វិញ ដោយកីឡាករ ឡុង ភារ៉ាត់ និង តាំង សុភ័ក្ដ្រ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ខេត្តព្រៃវែង ឈ្នះអង្គរថាយហ្គឺរ ៣-២ ។

ចំណែកក្រុមកងយោធពលខេមរភូមិន្ទុ បានយកឈ្នះក្រុមចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្ត គឺក្រុមជម្រើសខេត្តកែប យ៉ាងចាស់ដៃ ក្នុងជំនួបជើងទី១ ដូចគ្នា នៅកីឡដ្ឋានស្ដាតចាស់ ។ ១០គ្រាប់របស់អតីតក្រុមជើងឯកពានសម្ដេចតេជោ ឆ្នាំ២០១៨ ធ្វើសម្រេចដោយកីឡាករ ដា ណាវីន ៣គ្រាប់, ណារ៉ុង កក្កដា ២គ្រាប់, កីឡាករ សុខ ដារ៉ាវុធ, ភួង សុខសាណា, ស ពិសិដ្ឋ, កាន់ ពិសាល និង អ៊ុព កាម៉ុល ម្នាក់ ១គ្រាប់ ។

ដោយឡែក ១គូទៀត ដែលចាប់ផ្ដើមការប្រកួត កាលពីម៉ោង ៣៖៣០នាទីរសៀលដំណាលគ្នា គឺក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បានប្រកួតស្មើក្រុមនគរបាលជាតិ ដោយលទ្ធផល ០-០ ។ រីឯ ២គូទៀត នឹងធ្វើការប្រកួតនាវេលាម៉ោង ៦ល្ងាចនេះ រួមមានក្រុមណាហ្គាវើលដ៏ ជួបក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមភ្នំពេញក្រោន ជួបក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋាន Smart RSN ។

យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតជើងទី១ ខាងលើ ក្រុមនីមួយៗ នៅសល់ឱកាសប្រកួតជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២០ ខាងមុខ៕