(បារាំង)៖ ព្រឹតិ្តការណ៍រត់ប្រណាំាងម៉ារ៉ាតុង នាទីក្រុងប៉ារីស (Paris Marathon) នៅក្នុងឆ្នាំនេះ ត្រូវបានលុបចោលវិញហើយ ខណៈប្រទេសបារាំង កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងជាថ្មី នៃវីរ៉ុសឆ្លង COVID-19 នៅក្នុងប្រទេស, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ ដំបូងឡើយ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី៥ ខែមេសា ប៉ុន្តែត្រូវបានពន្យារពេល ទៅធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកាវិញ ដោយសារតែវីរ៉ុស COVID-19។ យ៉ាងណាក៏ដោយ ការបញ្ជាក់ចុងក្រោយនេះ ព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២០នេះត្រូវបានលុបចោលវិញ ដោយសារមានការព្រួយបារម្ភ ផ្នែកសុខភាពរបស់អ្នកចូលរួមរត់ប្រណាំង និងភាគីពាក់ព័ន្ធទាំងអស់។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍រត់ប្រណាំង ដែលមានប្រជាប្រិយភាពបំផុត នៅលើពិភពលោក ដោយជាទូទៅបានទាក់ទាញ មនុស្សជាង៤០,០០០នាក់ បានចូលរួម ហើយព្រឹត្តិការណ៍នេះ ក៏បានក្លាយជាព្រឹត្តិការណ៍ថ្មីចុងក្រោយគេផងដែរ ដែលបានរងការប៉ះពាល់ ដោយសារតែការរីករាលដាលជាសកល នៃវីរ៉ុស COVID-19។

គួរបញ្ជាក់ថា បារាំង បានរាយការណ៍ថា គិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុស COVID-19 ជាង២៣៦,០០០ករណី ក្នុងនោះជាង៣០,០០០ករណីបានស្លាប់៕