(ភ្នំពេញ)៖ ទីបំផុតខ្សែបម្រើ-ប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន បានត្រឡប់ចូលរួមជាមួយក្លិបណាហ្គាវើលដ៏វិញហើយ បន្ទាប់ពីចែកផ្លូវជាមួយក្លិបវិសាខាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។

ជាមួយការវិលមកចូលរួមជាមួយក្លិប ដែលជាទ្រនំចាស់របស់ខ្លួននេះ ម៉ាត់ណូរ៉ូទីន បានបញ្ជាក់ថា ផ្ដោតលើគោលដៅ ៣ចំណុចសំខាន់ៗ ហើយក៏ជាជម្រើសដ៏ល្អ ដែលធ្វើឲ្យរូបគេសម្រេចចិត្តបដិសេធសំណើក្លិបមួយចំនួន មុនជ្រើសរើសការចូលរួមជាមួយក្លិបណាហ្គាជាថ្មីនេះផងដែរ។

ម៉ាត់ណូរ៉ូទីន និយាយថា ខ្ញុំធ្លាប់មានក្លិបផ្សេងទាក់ទងមកដែរ។ អ្វីដែលសំខាន់សម្រាប់វាជាជម្រើសដ៏ល្អសម្រាប់ខ្ញុំក្នុងការត្រឡប់មកណាហ្គាសារជាថ្មី ព្រោះកន្លែងមួយដែលសាកសម និងជាកន្លែងដែលតែងផ្តល់ឱកាសសម្រាប់ខ្ញុំ។ ខ្ញុំមកទីនេះ ផ្តោតទៅលើខ្លួនឯង និងក្រុមជាមួយ ៣ចំណុច ទី១-ខ្ញុំចង់ពង្រឹងខ្លួនឯងឲ្យល្អជាងនេះជាមួយក្រុម ទី២-ខ្ញុំចង់លើកពាននៅទីនេះសារជាថ្មី និងទី៣-បើមានឱកាសខ្ញុំនឹងប្រឹងប្រែងឲ្យមានឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មី»។

គួរដឹងថា សារី ម៉ាត់ណូរ៉ូទីន បានផ្ទេរពីក្លិបណាហ្គាវើលដ៏ ទៅវិសាខា កាលពីចុងឆ្នាំ២០១៨ ក្រោយជួយក្រុមលោក មាស ចាន់ណា លើកពានលីគកំពូលកម្ពុជា។ បន្ទាប់មកគេបានជួយក្រុមវិសាខា ឈ្នះជើងឯករងលីគ និងចំណាត់ថ្នាក់លេខ៣ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩។ តែចូលឆ្នាំ២០២០ កីឡាករខ្មែរឥស្លាមរូបនេះ ស្ទើរតែមិនបានបង្ហាញវត្តមានលើទីលាន រហូតដល់ដើមខែមិថុនា វិសាខាបានប្រកាសចែកផ្លូវគ្នាតែម្ដង៕