(ភ្នំពេញ)៖ ជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២០ រវាងក្រុមវិសាខា និងក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ ដែលគ្រោងប្រកួតនាល្ងាចថ្ងៃទី១៣ ខែសីហានេះ ត្រូវបានប្រកាសលើកពេលការប្រកួតហើយ ដោយសារបញ្ហាទីលាន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។

យោងតាមលិខិតរបស់ CNCC ខាងលើបានបញ្ជាក់ថា «ក្រោយពីបានចុះត្រួតពិនិត្យស្ថានភាពទីលានផ្ទាល់ដោយលោក Ohara Kazunori នាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមការងារបច្ចេកទេស CNCC ឃើញថា ទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ មានសភាពខូចខាតស្ទើរតែទាំងស្រុង និងមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួត ដែលអាចបង្កគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ដល់កីឡាករទាំងសងខាង»។

ដោយហេតុនេះ CNCC ក៏សម្រេចលើកការប្រកួតពានរង្វាន់ខាងលើមួយរយៈពេលសិន ចំពោះកាលបរិច្ឆេទថ្មី CNCC នឹងជូនដំណឹងនៅពេលក្រោយ។ យ៉ាងណាមិញការលើកពេលនេះ គឺសម្រាប់ជំនួបជើងទី១ រវាងក្រុមទាំងពីរប៉ុណ្ណោះ។ ចំណែកជើងទី២ ដែលវិសាខា ត្រូវបើកទ្វារផ្ទះកីឡដ្ឋានព្រីនស៍ ទទួលក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នឹងរក្សាការប្រកួតនៅដដែល មិនផ្លាស់ប្ដូរនោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងលិខិតខាងលើ៕